
អាមេរិក៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ ប៉ូលីសសហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃទី ៣១ ខែមីនាថា ការបាញ់ប្រហារមួយបានកើតឡើងនៅទីក្រុង Orange ក្នុងតំបន់ Orange ភាគខាងត្បូងរដ្ឋ California នៅល្ងាចនោះ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤ នាក់ ត្រូវបានសម្លាប់និង ២ នាក់ទៀតបានរងរបួស។
ប៉ូលីសបាននិយាយថា ពួកគេបានទទួលការជូនដំណឹងនៅម៉ោងប្រហែល ១៧ និង ៣០ នាទី ហើយអ្នកយកព័ត៌មានបានអះអាងថា មានករណីបាញ់ប្រហារមួយបានកើតឡើងនៅក្នុងអគារពាណិជ្ជកម្ម។ ក្រោយមកប៉ូលីសបានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុដើម្បីបង្ក្រាបជនសង្ស័យ។
ប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេតចំពោះឧប្បត្តិហេតុនេះ ខណៈអត្តសញ្ញាណនិងមូលហេតុរបស់ជនសង្ស័យមិនទាន់ត្រូវបានគេបង្ហាញឱ្យដឹងនៅឡើយទេ ហើយអត្តសញ្ញាណជនរងគ្រោះមិនទាន់ត្រូវបានគេប្រកាសនៅឡើយដែរ។
ថ្មីៗនេះ មានការបាញ់ប្រហារជាច្រើននៅសហរដ្ឋអាមេរិកដូចជានៅថ្ងៃទី ១៦ ខែមីនា មានការបាញ់ប្រហារ ៣ លើកបានកើតឡើងនៅអាត្លង់តារដ្ឋធានីGeorgia ភាគខាងត្បូងសហរដ្ឋអាមេរិកបណ្តាលឱ្យមនុស្សស្លាប់ ៨ នាក់និងរបួស ២ នាក់ ក្នុងនោះមានស្ត្រីជនជាតិអាស៊ី ៦ នាក់។ នៅថ្ងៃទី ២២ ការបាញ់ប្រហារដ៏ធំមួយ បានកើតឡើងនៅក្នុងផ្សារទំនើបមួយក្នុងទីក្រុង Boulder រដ្ឋ Colorado នៅភាគខាងលិចសហរដ្ឋអាមេរិក ដែលបានសម្លាប់មនុស្ស ១០ នាក់ រួមទាំងប៉ូលីសម្នាក់ផងដែរ។ នៅថ្ងៃទី ២៦ ការបាញ់ប្រហារមួយបានកើតឡើងនៅឆ្នេរ Virginia រដ្ឋ Virginia នៅភាគខាងកើតបណ្តាលឱ្យមនុស្សស្លាប់ ២ នាក់និងរបួស ៨ នាក់៕