ភ្នំពេញ៖ អ្នកជំងឺកូវីដ១៩ម្នាក់ទៀតមានវ័យ៥៥ឆ្នាំ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩។អ្នកស្លាប់ទី៨នេះ មានតួនាទីជាមន្រ្តីនគរបាលចរាចរណ៍ នៅស្នងការដ្ឋានរាជធានីភ្នំពេញ ឈ្មោះ ថន ចាន់ធឿន អាយុ៥៥ឆ្នាំ។
មន្រ្តីនគរបាលចរាចរណ៍រូបនេះ មានអាសយដ្ឋាននៅភូមិក្តីចាស់ ឃុំព្រែកហ្លួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយត្រូវបានរកឃើញថា កើតជំងឺកូវីដ១៩ ហើយបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី នៅរសៀលម៉ោង៣កន្លះ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ ដោយស្ថិតក្នុងវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ គាំងបេះដូង និងបាត់បង់ស្មារតី។ អ្នកជំងឺបានស្លាប់នៅវេលាម៉ោង៤រសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។
តាមការឱ្យដឹងអ្នកជំងឺរូបនេះ មិនបានដឹងថា ខ្លួនឆ្លងកូវីដ-១៩នោះទេ ដោយជាករណីសង្ស័យ ទើបក្រុមគ្រូពេទ្យក៏យកសំណាកទៅពិនិត្យ ក៏ទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩តែម្តង។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៦ មីនា អ្នកជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាចំនួន៨នាក់ហើយបានស្លាប់បាត់បង់ជីវិត។ចំនួននេះអាចនឹងមានជាបន្តទៀតនៅពេលខាងមុន។នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងសុខាភិបាល៕
