ព្រះវិហារ៖ ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរអំឡុងជម្លោះប្រដាប់អាវុធក្នុងឆ្នាំ២០២៥ ដោយទិន្នន័យពីអាជ្ញាធរ និងការស្ទង់បច្ចេកទេសនៅទីតាំង បានកត់ត្រាការខូចខាតរាប់រយកន្លែង និងរណ្តៅគ្រាប់រាប់រយកន្លែង។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
យោងតាមរបាយការណ៍របស់បេសកកម្មប្រឹក្សារួម UNESCO World Heritage Centre–ICOMOS ដោយយោងលើទិន្នន័យរបស់អាជ្ញាធរជាតិព្រះវិហារ ការវាយប្រហារនៅខែកក្កដា ឆ្នាំ២០២៥ បានបណ្តាលឱ្យខូចខាតចំនួន ១៤២ ទីតាំង លើប្រាសាទ ខណៈការវាយប្រហារនៅខែធ្នូ ឆ្នាំដដែល បានបង្កការខូចខាតបន្ថែម ៤២០ ទីតាំង។
តាមទិន្នន័យនេះ ការខូចខាតដែលត្រូវបានកត់ត្រាសរុបពីព្រឹត្តិការណ៍ទាំងពីរ មានចំនួន ៥៦២ ទីតាំង នៅលើប្រាសាទព្រះវិហារ។
របាយការណ៍ UNESCO–ICOMOS បានវាយតម្លៃថា ទំហំនៃការខូចខាតពីជម្លោះថ្មីនេះ មានកម្រិតធ្ងន់ធ្ងរ និងមិនអាចប្រៀបធៀបដោយងាយជាមួយការខូចខាតពីជម្លោះនៅអតីតកាលឡើយ។ ការខូចខាតទាំងនេះក៏ត្រូវបានចាត់ទុកថា បានប៉ះពាល់ដល់ភាពពេញលេញ ភាពដើម និងតម្លៃសកលលេចធ្លោរបស់ប្រាសាទព្រះវិហារ។
ក្រៅពីរបាយការណ៍អភិរក្ស និងបេតិកភណ្ឌ ការស្ទង់បច្ចេកទេសរបស់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក៏បានកត់ត្រាភស្តុតាងនៃរណ្តៅគ្រាប់សរុប ៥០១ កន្លែង ដែលបណ្តាលមកពីការប្រើប្រាស់អាវុធផ្សេងៗ រួមមានគ្រាប់បែកទម្លាក់ពីអាកាស កាំភ្លើងធំ និងដ្រូន។
ក្នុងចំណោមរណ្តៅគ្រាប់ទាំងនោះ មាន ៧៨ កន្លែង ត្រូវបានកត់ត្រាពាក់ព័ន្ធនឹងការប៉ះទង្គិចនៅខែកក្កដា និង ៤២៣ កន្លែង ពាក់ព័ន្ធនឹងការប៉ះទង្គិចនៅខែធ្នូ ឆ្នាំ២០២៥។
តាមការស្ទង់របស់ CMAC នៅទីតាំងនេះ ក៏ត្រូវបានរាយការណ៍ថា បានរកឃើញភស្តុតាងពាក់ព័ន្ធនឹង គ្រាប់បែក MK-82 គ្រាប់បែកចង្កោម និងគ្រាប់កាំភ្លើងធំទំហំ 105 មីល្លីម៉ែត្រ 125 មីល្លីម៉ែត្រ និង 155 មីល្លីម៉ែត្រ។ ផលប៉ះពាល់ត្រូវបានកត់សម្គាល់លើផ្លូវបុរាណ គ្រឹះ ជញ្ជាំង សសរ ផ្តែរ ហោជាង និងផ្នែកផ្សេងៗនៃគោបុរៈទាំងប្រាំ។
ការខូចខាតក៏ត្រូវបានរាយការណ៍ថា ប៉ះពាល់ដល់តំបន់ដែលកំពុងអនុវត្តគម្រោងអភិរក្សផងដែរ។ នៅ គោបុរៈទី៥ ដែលជាទីតាំងនៃគម្រោងអភិរក្សកម្ពុជា–ឥណ្ឌា រូបភាពមុនពេលការវាយប្រហារ បានបង្ហាញពីការដាក់ដងស្ទួច និងរន្ទានៅក្បែរសំណង់ប្រាសាទសម្រាប់ការងារអភិរក្ស។ រីឯរូបភាព និងវីដេអូក្រោយការវាយប្រហារ បានបង្ហាញពីការខូចខាតនៅតំបន់នោះ រួមទាំងការដួលរលំនៃដងស្ទួចដែលកំពុងប្រើប្រាស់ក្នុងការងារអភិរក្ស។
សរុបមក ទិន្នន័យដែលត្រូវបានកត់ត្រា បានបង្ហាញពី ៥៦២ ទីតាំងខូចខាតលើប្រាសាទ និង ៥០១ រណ្តៅគ្រាប់ ព្រមទាំងភស្តុតាងនៃការប្រើប្រាស់គ្រាប់បែក និងគ្រាប់កាំភ្លើងធំជាច្រើនប្រភេទ។ ការខូចខាតមួយផ្នែកក៏បានកើតឡើងនៅតំបន់ការងារអភិរក្សកម្ពុជា–ឥណ្ឌា ដែលបន្ថែមពីលើផលប៉ះពាល់ដល់សំណង់បុរាណដោយផ្ទាល់។
ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក សភាពខូចខាតនៅទីតាំងជាក់ស្តែង និងភស្តុតាងដែលត្រូវបានស្ទង់ កត់ត្រា និងវាស់វែង បានក្លាយជាទិន្នន័យសំខាន់សម្រាប់ការវាយតម្លៃផលប៉ះពាល់លើបេតិកភណ្ឌ។ តួលេខ ៥៦២ ទីតាំងខូចខាត និង ៥០១ រណ្តៅគ្រាប់ ឆ្លុះបញ្ចាំងពីស្នាមរបួសដែលនៅសល់ជាក់ស្តែងលើប្រាសាទ និងតំបន់ជុំវិញ៕