Swift cc time

កម្ពុជា-កូរ៉េខាងត្បូង ចុះ MoU ពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា និងកងឆ្មាំសមុទ្រនៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន។ ពិធីចុះហត្ថលេខានេះធ្វើឡើងនៅថ្ងៃទី៧ ខែកញ្ញានេះ ដោយមានការចូលរួមរបស់ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក Cho Yoon Min អគ្គនាយកនៃអគ្គនាយកដ្ឋានស៊ើបអង្កេត នៃកងឆ្មាំសមុទ្រកូរ៉េ ព្រមទាំងមន្ត្រី និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយក្នុងការបង្កើនប្រសិទ្ធភាពនៃកិច្ចការរួមរវាងភាគីទាំងពីរ តាមរយៈការពង្រឹងការសម្របសម្រួល ការចែករំលែកព័ត៌មាន និងបទពិសោធន៍ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសគ្រឿងញៀន។ តាមរយៈកិច្ចព្រមព្រៀងនេះ ភាគីកម្ពុជា និងកូរ៉េខាងត្បូង បង្ហាញពីឆន្ទៈ និងការប្តេជ្ញាចិត្តរួមក្នុងការធ្វើការជិតស្និទ្ធជាងមុន ដើម្បីទប់ស្កាត់ និងបង្ក្រាបសកម្មភាពជួញដូរ និងដឹកជញ្ជូនគ្រឿងញៀន ព្រមទាំងបទល្មើសឆ្លងដែនដែលពាក់ព័ន្ធ។

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងកងឆ្មាំសមុទ្រកូរ៉េ រំពឹងថា កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកបង្កើនសមត្ថភាពក្នុងការផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួលប្រតិបត្តិការ ដែលអាចជួយឱ្យការប្រយុទ្ធប្រឆាំងនឹងបណ្តាញឧក្រិដ្ឋកម្មគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែនកាន់តែមានប្រសិទ្ធភាព៕


Khcct banner

អត្ថបទទាក់ទង