Swift cc time

កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះសកម្មភាពយោធាថៃបន្តកម្ទេចផ្ទះពលរដ្ឋខ្មែរ២ខ្នង នៅបឹងត្រកួន និងបំផ្លាញសំណង់ស៊ីវិល នៅភូមិព្រៃចាន់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការតវ៉ាយ៉ាងខ្លាំងចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយយោធាថៃបន្តកម្ទេចផ្ទះពលរដ្ឋខ្មែរ២ខ្នង នៅបឹងត្រកួន និងបំផ្លាញសំណង់ស៊ីវិល នៅភូមិព្រៃចាន់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានវាយកម្ទេចផ្ទះប្រជាពលរដ្ឋខ្មែរចំនួន២ខ្នង នៅតំបន់បឹងត្រកួន ស្ថិតក្នុងភូមិត្រពាំងសំរោង ឃុំគោករទៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ក្រោយពីវាយកម្ទេចផ្ទះរួច កងកម្លាំងថៃ បានប្រើគ្រឿងចក្រធុនធ្ងន់ឈូសឆាយដី និងលើកទំនប់ ដើម្បីត្រៀមសាងសង់សំណង់យោធាអចិន្ត្រៃយ៍។

ជាមួយគ្នានេះ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានបញ្ជូនគ្រឿងចក្រធុនធ្ងន់ទៅសាងសង់លេណដ្ឋានយោធា នៅបរិវេណវត្តអូរខ្លាឃ្មុំ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

បន្ថែមពីនេះ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ កងកម្លាំងថៃ បានប្រើម៉ាស៊ីនជីកអណ្តូងទឹកមួយកន្លែង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នៅថ្ងៃទី៧ ខែកញ្ញា កងកម្លាំងថៃបានវាយបំផ្លាញសំណង់ស៊ីវិលរបស់កម្ពុជា នៅភូមិព្រៃចាន់ ក្នុងឃុំ និងស្រុកដដែល។

ក្រសួងការបរទេសកម្ពុជា ក៏បានលើកឡើងពីហេតុការណ៍ថ្ងៃទី៧ ខែកញ្ញា ដែលមាននាយឧត្តមសេនីយ៍ទ័ពជើងអាកាសថៃ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសថៃ (AOT-TH) និងអ្នកសារព័ត៌មាន ចុះពិនិត្យអគារមួយចំនួននៅទិសអាគ្នេយ៍នៃ Royal O Smach Hotel and Resort ក្នុងសង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ។ កម្ពុជា ចាត់ទុកការចូលទៅកាន់ទីតាំងទាំងនោះដោយគ្មានការអនុញ្ញាតថា ជាសកម្មភាពខុសច្បាប់ និងជាការអនុវត្តអំណាចរដ្ឋបាលរបស់ថៃមកលើដែនដីកម្ពុជា។

កម្ពុជា បានបដិសេធយ៉ាងដាច់ខាតចំពោះការយកហេតុផលបង្ក្រាបបទល្មើស មកធ្វើជាលេសសម្រាប់ការរំលោភចូលដែនដីកម្ពុជា ហើយអះអាងថា សកម្មភាពទាំងនេះក៏ជាការបំពានលើអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា និងថៃ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០។

សេចក្តីប្រកាសក៏បានរំលឹកដល់សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពប្រគល់ភារកិច្ចទៅគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលព្រំដែនឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។

ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីរបស់ប្រទេសថៃឡើយ។ កម្ពុជាបញ្ជាក់ថា សកម្មភាពដែលខ្លួនចាត់ទុកថាខុសច្បាប់ទាំងនេះ មិនអាចប៉ះពាល់ដល់សិទ្ធិស្របច្បាប់ និងជំហររបស់កម្ពុជាចំពោះព្រំដែនអន្តរជាតិរបស់ខ្លួនបានឡើយ។

នៅចុងបញ្ចប់ កម្ពុជា បានទាមទារឱ្យថៃបញ្ចប់រាល់សកម្មភាពខុសច្បាប់ និងគោរពការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្ទូរបន្ថយភាពតានតឹង កសាងទំនុកចិត្ត និងសម្រួលដល់ការដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងជាអ្នកជិតខាងល្អតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

កម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនជាមួយថៃ និងប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវគោលការណ៍ថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយកម្លាំងឡើយ៕

Khcct banner

អត្ថបទទាក់ទង