ភ្នំពេញ៖ អង្គការយូណេស្កូ (UNESCO) បានផ្សព្វផ្សាយរបាយការណ៍ផ្លូវការរបស់បេសកកម្មរួម UNESCO–ICOMOS ដែលបានចុះពិនិត្យប្រាសាទព្រះវិហារ កាលពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា តំបន់ប្រាសាទបេតិកភណ្ឌពិភពលោកមួយនេះ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីជម្លោះប្រដាប់អាវុធក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។
យោងតាមរបាយការណ៍ បេសកកម្មរកឃើញថា ផលប៉ះពាល់បានធ្វើឱ្យខូចខាតដល់ភាពគង់វង្ស (Integrity), ភាពដើម (Authenticity) និងតម្លៃសកលលេចធ្លោ (Outstanding Universal Value – OUV) របស់ប្រាសាទព្រះវិហារ។
របាយការណ៍បានកត់ត្រាថា មានទីតាំងចំនួន ១៤២ តំបន់ រងការខូចខាតដោយសារការវាយប្រហារកាលពីខែកក្កដា ឆ្នាំ២០២៥ ខណៈទីតាំងចំនួន ៤២០ តំបន់ ទៀត បានរងការខូចខាតក្នុងការវាយប្រហារកាលពីខែធ្នូ ឆ្នាំ២០២៥។
បេសកកម្មបានវាយតម្លៃថា ទំហំនៃការបំផ្លិចបំផ្លាញដែលកើតឡើងពីជម្លោះថ្មីនេះ មានកម្រិតធ្ងន់ធ្ងរខុសពីការខូចខាតដែលប្រាសាទធ្លាប់ជួបប្រទះក្នុងជម្លោះមុនៗ ហើយបានចាត់ទុកថា ស្ថានភាពនេះ «មិនអាចប្រៀបធៀបបាន» ជាមួយការខូចខាតកន្លងមកឡើយ។
ជាមួយគ្នានេះ UNESCO–ICOMOS បានកត់សម្គាល់យ៉ាងច្បាស់ថា «គ្មានតំបន់ណាមួយរួចផុតពីផលប៉ះពាល់ឡើយ»។ ការខូចខាតមិនបានកើតឡើងតែទៅលើសំណង់បុរាណក្នុងតំបន់ប្រាសាទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈបម្រើដល់វិស័យទេសចរណ៍ផងដែរ។
អ្វីដែលកាន់តែគួរឱ្យព្រួយបារម្ភ គឺបេសកកម្មបានវាយតម្លៃថា ប្រាសាទព្រះវិហារកំពុងស្ថិតក្រោម «serious and specific danger» ឬមានន័យថា «គ្រោះថ្នាក់ធ្ងន់ធ្ងរ និងជាក់លាក់» ដែលតម្រូវឱ្យមានវិធានការអភិរក្ស និងការស្តារឡើងវិញជាបន្ទាន់ និងក្នុងទំហំសំខាន់។
ប្រាសាទព្រះវិហារ ដែលត្រូវបានចាត់ទុកជាបេតិកភណ្ឌពិភពលោក មិនមែនជាមរតករបស់កម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃសម្រាប់មនុស្សជាតិទាំងមូល។ ដូច្នេះ ការការពារ និងអភិរក្សប្រាសាទព្រះវិហារ ត្រូវការការគោរពច្បាប់អន្តរជាតិ និងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាថា ជម្លោះប្រដាប់អាវុធមិនបន្តបង្កការបំផ្លិចបំផ្លាញដល់មរតកវប្បធម៌ដែលមានតម្លៃ និងមិនអាចជំនួសបាននេះទៀតឡើយ៕