ភ្នំពេញ៖ កងទ័ពកម្ពុជា និងសហរដ្ឋអាម៉េរិក គ្រោងរៀបចំលំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧ ក្នុងខែកុម្ភៈ ឆ្នាំ២០២៧ ដើម្បីពង្រឹងអន្តរប្រតិបត្តិការ និងសមត្ថភាពឆ្លើយតបគ្រោះមហន្តរាយ ដែលឆ្លុះបញ្ចាំងពីសន្ទុះថ្មី នៃកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ បន្ទាប់ពីបានផ្អាកអស់រយៈពេលមួយទសវត្សរ៍។
កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ រួមជាមួយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម ព្រមទាំងកងទ័ពជើងគោកសហរដ្ឋអាម៉េរិក ប្រចាំប៉ាស៊ីហ្វិក និង កងឆ្មាំរដ្ឋអាយដាហូ បានរៀបចំកិច្ចប្រជុំផែនការបឋម (Initial Planning Conference – IPC) សម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរក ការចាប់ផ្តើមឡើងវិញនៃលំហាត់ទ្វេភាគីនេះ បន្ទាប់ពីបានផ្អាកអស់រយៈពេលមួយទសវត្សរ៍។
កម្ពុជា និងអាម៉េរិក បានពិភាក្សាអំពីសកម្មភាពហ្វឹកហ្វឺនសំខាន់ៗ រួមមាន លំហាត់ទីបញ្ជាការ និងការផ្លាស់ប្តូរជំនាញវិជ្ជាជីវៈលើវិស័យសុខាភិបាល វិស្វកម្ម និងការកម្ចាត់គ្រឿងផ្ទុះ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (EOD/UXO)។
ក្នុងជំនួបនោះ ភាគីទាំងពីរ គ្រោងរៀបចំលំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៧ ដើម្បីពង្រឹងអន្តរប្រតិបត្តិការ និងសមត្ថភាពឆ្លើយតបគ្រោះមហន្តរាយ ដែលឆ្លុះបញ្ចាំងពីសន្ទុះថ្មី នៃកិច្ចសហប្រតិបត្តិការយោធារវាង កម្ពុជា និងសហរដ្ឋអាម៉េរិក និងការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ៕