ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ត្រី អេនតេរ៉ូ អេស ណាស៊ីស អនុប្រធានអធិការកិច្ច នៃកងទ័ពហ្វីលីពីន។ ដំណើរទស្សនកិច្ចនេះ ជាការរួមចំណែកបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។
លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិហ្វីលីពីន ដែលបានចាត់តាំងកម្លាំង AOT មកប្រចាំការនៅកម្ពុជា ដើម្បីចូលរួមផ្ទៀងផ្ទាត់ និងតាមដានការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យកាន់តែមានប្រសិទ្ធភាព។ ជាមួយគ្នានេះ អគ្គមេបញ្ជាការ បានជម្រាបលោកឧត្តមសេនីយ៍ត្រី ប្រធានគណៈប្រតិភូ អំពីសភាពការណ៍ជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីឱ្យគណៈប្រតិភូបានជ្រាប និងក្តាប់បាននូវស្ថានភាពជាក់ស្តែងនៅតំបន់ព្រំដែន។
ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ត្រី អេនតេរ៉ូ អេស ណាស៊ីស បានបញ្ជាក់ពីការបន្តតាមដានការងាររបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងបន្តពង្រឹងប្រសិទ្ធភាពការបំពេញភារកិច្ចរបស់កម្លាំង AOT ដើម្បីរួមចំណែកកាត់បន្ថយភាពតានតឹង និងរក្សាបាននូវការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព៕