Swift cc time

រដ្ឋមន្រ្តីក្រសួងវប្បធម៌ ចុះពិនិត្យពីស្ថានភាពនៃ «ស្ពានទ័ព» ដែលប៉ះពាល់ដោយសារ ថៃប្រើF-16 ទម្លាក់គ្រាប់ កាលពីឆ្នាំ២០២៥

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ឧត្តរមានជ័យ៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូក្រសួងចុះពិនិត្យស្ថានភាពស្ពានទ័ព ឬស្ពានអូរជីក ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលរងការខូចខាត ដោយសារកងទ័ពថៃវាយប្រហារដោយយន្តហោះ F-16 ទម្លាក់គ្រាប់ កាលពីចុងឆ្នាំ២០២៥។

តាមការបញ្ជាក់ ស្ពាននេះបានរងការវាយប្រហារដោយយន្តហោះ F-16 នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ផ្នែកក្បាលស្ពានខាងជើង និងខាងត្បូង បណ្តាលឱ្យរចនាសម្ព័ន្ធតួស្ពាន និងបង្កាន់ដៃស្ពានចំនួន៦៨កន្លែងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ស្ពានទ័ព ស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ ស្ពានបុរាណនេះត្រូវបានសាងសង់ឆ្លងកាត់ស្ទឹងស្រែង លើផ្លូវបុរាណដែលភ្ជាប់ពីរាជធានីអង្គរទៅក្រុងវិមាយបុរៈ ដែលបច្ចុប្បន្នជាប្រាសាទភិមាយ ក្នុងប្រទេសថៃ។

ស្ពានទ័ពត្រូវបានចាត់ទុកថា ជាសំណង់សំខាន់មួយក្នុងសម័យព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣។ ស្ពាននេះមានប្រវែងប្រមាណ១៥០ម៉ែត្រ កម្ពស់១០ម៉ែត្រ ទទឹង១៦,៤០ម៉ែត្រ និងមានប្រឡោះស្ពានចំនួន២៨។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុវត្តការជួសជុលស្ពាននេះចំនួន៨ដំណាក់កាល ចាប់ពីឆ្នាំ២០១៥ ប៉ុន្តែការងារត្រូវបានផ្អាកដោយសារស្ថានភាពសង្គ្រាមនៅចុងឆ្នាំ២០២៥។ បច្ចុប្បន្ន ក្រសួងកំពុងសិក្សាលទ្ធភាពបន្តការជួសជុលឡើងវិញ ខណៈផ្នែកមួយចំនួនរបស់ស្ពានកាន់តែទ្រុឌទ្រោមដោយសារការហូរកាត់របស់ទឹក និងការខូចខាតពីគ្រាប់បែក។

ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី ភឿង សកុណា ក៏បានអញ្ជើញពិនិត្យ និងទស្សនាប្រាសាទព្រហ្មកិល ដែលជាអតីតមន្ទីរពេទ្យបុរាណ និងបច្ចុប្បន្នកំពុងត្រូវបានអាជ្ញាធរស្រុករៀបចំអភិវឌ្ឍន៍ឱ្យក្លាយជាតំបន់ទេសចរណ៍មួយសម្រាប់ទាក់ទាញភ្ញៀវទេសចរនៅក្នុងខេត្ត៕


Khcct banner

អត្ថបទទាក់ទង