ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជាបានចេញសេចក្តីថ្លែងការណ៍បដិសេធជាថ្មី ចំពោះការចោទប្រកាន់ពីមន្ត្រីអាជ្ញាធរថៃ ដែលអះអាងថា កម្ពុជាប្រើប្រាស់ទីតាំងប្រាសាទបុរាណជាមូលដ្ឋានយោធា។ ក្រសួងចាត់ទុកការចោទប្រកាន់នេះថា គ្មានមូលដ្ឋាន និងអាចបង្កការយល់ច្រឡំដល់សាធារណជន។
ក្រសួងបានលើកឡើងថា កម្ពុជា ក្នុងនាមជាប្រទេសមានអរិយធម៌ វប្បធម៌ និងប្រវត្តិសាស្ត្រសម្បូរបែប ព្រមទាំងជារដ្ឋភាគីនៃអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងការការពារបេតិកភណ្ឌវប្បធម៌ បានផ្តល់អាទិភាពខ្ពស់ដល់ការអភិរក្ស និងថែរក្សាទីតាំងបេតិកភណ្ឌនៅទូទាំងប្រទេស។ ក្រសួងបញ្ជាក់ថា គ្មានទីតាំងបេតិកភណ្ឌវប្បធម៌ណាមួយរបស់កម្ពុជាត្រូវបានប្រើប្រាស់ជាមូលដ្ឋានយោធាឡើយ។
ផ្ទុយទៅវិញ ក្រសួងអះអាងថា សកម្មភាពរបស់យោធាថៃបានបង្កការខូចខាតដល់ប្រាសាទ និងទីតាំងបេតិកភណ្ឌមួយចំនួននៅក្នុងទឹកដីកម្ពុជា រួមមាន ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ស្ពានទ័ព និងតំបន់បុរាណវិទ្យាមួយចំនួនផ្សេងទៀត។
ចំពោះប្រាសាទព្រះវិហារ ក្រសួងបានអះអាងថា ការបាញ់ប្រហាររបស់យោធាថៃក្នុងអំឡុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឱ្យ ៥៦២ទីតាំងរងការខូចខាត និងធ្វើឱ្យថ្មប្រាសាទខូចខាតជាង ៧ម៉ឺនបំណែក។ ក្រសួងក៏បានបញ្ជាក់ថា ការវាយប្រហារនេះបានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងបណ្តាលឱ្យប្រជាជនជាង ១៦,០០០នាក់ ត្រូវជម្លៀសចេញពីតំបន់បេតិកភណ្ឌ។
ក្រសួងបញ្ជាក់ថា ការខូចខាតនៅប្រាសាទព្រះវិហារ ត្រូវបានចុះពិនិត្យ វាយតម្លៃ និងចងក្រងជាឯកសារ ព្រមទាំងត្រូវបានផ្ទៀងផ្ទាត់ដោយអ្នកជំនាញជាតិ និងអន្តរជាតិ។
ជាមួយគ្នានេះ កម្ពុជាបានទាមទារឱ្យភាគីថៃ ដកកម្លាំងយោធាចេញពីតំបន់បេតិកភណ្ឌកម្ពុជា ជាពិសេសនៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទខ្នារ ព្រមទាំងប្រគល់វត្ថុបុរាណដែលអះអាងថា ត្រូវបានយកចេញពីប្រាសាទខ្នារទៅប្រទេសថៃវិញ។
កម្ពុជាក៏បានអំពាវនាវឱ្យថៃគោរពច្បាប់ និងសន្ធិសញ្ញាអន្តរជាតិ បញ្ឈប់ការប្រើប្រាស់កម្លាំង និងសកម្មភាពដែលអាចបង្កើត «Fait accompli» ក្នុងការកាន់កាប់ដែនដី ហើយងាកមកដោះស្រាយបញ្ហាតាមសន្តិវិធី និងយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសយន្តការគណៈកម្មការចម្រុះកិច្ចការព្រំដែន។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ជាថ្មីថា ទីតាំងបេតិកភណ្ឌរបស់កម្ពុជា មិនមែនជាមូលដ្ឋានយោធា និងមិនត្រូវបានប្រើប្រាស់សម្រាប់គោលបំណងយោធាដាច់ខាត ហើយកម្ពុជានឹងបន្តផ្តល់អាទិភាពដល់ការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌សម្រាប់ជំនាន់ក្រោយ និងមនុស្សជាតិ៕