ណាននីង៖ កម្ពុជា បានជំរុញឱ្យបណ្តាប្រទេសក្នុងតំបន់ប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ និងផ្តោតលើមនុស្ស ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងគ្រោះមហន្តរាយ និងឆ្លើយតបចំពោះគ្រោះអាសន្ន។
ការជំរុញនេះធ្វើឡើងដោយលោក រស់ សុវណ្ណ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) ក្នុងពេលចូលរួមសិក្ខាសាលាវេទិកាតំបន់អាស៊ាន (ARF) លើកទី៣ ស្តីពីការសង្គ្រោះបន្ទាន់ក្នុងទីក្រុង នៅទីក្រុងណាននីង តំបន់ក្វាងស៊ី ប្រទេសចិន កាលពីថ្ងៃទី១៨ ខែកញ្ញា។
លោក រស់ សុវណ្ណ បានលើកឡើងថា ការរីកចម្រើននៃទីក្រុង និងការវិវត្តនៃហានិភ័យគ្រោះមហន្តរាយ តម្រូវឱ្យប្រទេសនានាបន្តពង្រឹងការត្រៀមខ្លួន ការឆ្លើយតប និងការស្តារឡើងវិញ។
លោកបានសង្កត់ធ្ងន់ថា ព័ត៌មានទាន់ពេលវេលា ការសម្រេចចិត្តច្បាស់លាស់ ការសម្របសម្រួលល្អ កម្លាំងសង្គ្រោះដែលមានជំនាញ និងឧបករណ៍សមស្រប គឺជាកត្តាសំខាន់ក្នុងការដោះស្រាយវិបត្តិ។
ជាមួយគ្នានេះ លោកបានបញ្ជាក់ថា AI គួរត្រូវបានប្រើប្រាស់ជាឧបករណ៍ជួយពង្រឹងសមត្ថភាពអ្នកសង្គ្រោះ ខណៈការវិនិច្ឆ័យ និងការសម្រេចចិត្តរបស់មនុស្សត្រូវតែស្ថិតនៅចំណុចស្នូលនៃការគ្រប់គ្រងវិបត្តិ។
សិក្ខាសាលា ARF លើកទី៣ ប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ដោយចិន ឡាវ និងម៉ាឡេស៊ីធ្វើជាសហប្រធាន។ សិក្ខាសាលានេះប្រមូលផ្តុំមន្ត្រី អ្នកជំនាញគ្រប់គ្រងគ្រោះមហន្តរាយ និងអ្នកជំនាញសង្គ្រោះ ដើម្បីពិភាក្សាគោលនយោបាយ ផ្លាស់ប្តូរបច្ចេកទេស និងធ្វើសមយុទ្ធសង្គ្រោះបន្ទាន់។
តាមរយៈវេទិកានេះ ប្រទេសចូលរួមមានឱកាសពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសង្គ្រោះបន្ទាន់ និងចែករំលែកបទពិសោធន៍ ដើម្បីបង្កើនភាពធន់របស់តំបន់ចំពោះគ្រោះមហន្តរាយ។
ជាមួយគ្នានេះ ចិនក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តធ្វើការជាមួយប្រទេសអាស៊ាន ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងគ្រោះអាសន្នក្នុងតំបន់ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃកាន់តែទូលំទូលាយ៕