
ភ្នំពេញ៖ យោងតាមការប្រកាសព័ត៌មានរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ បានផ្សាយជូនជាដំណឹងដល់សាធារណជនថា គិតចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ល្ងាចម៉ោង៤ និង៥២នាទី តទៅ មានករណីវិជ្ជមាននឹងមេរោគកូវីដ-១៩ នៅទីតាំងនៅហាង«ដូមីណូភីហ្សា» សាខាផ្សារទំនើបអ៊ីអន១ (AEON 1) រាជធានីភ្នំពេញ។
ហេតុដូច្នេះ នៅក្នុងសេចក្ដីជូនដំណឹងដែលកើតមាននៅទីតាំងខាងលើ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានពាក់ព័ន្ធ និងធ្លាប់ចេញចូលទៅទទួលទានអាហារនៅហាង«ដូមីណូភីហ្សា»សាខា ផ្សារទំនើបអ៊ីអន១ (AEON 1) ចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ល្ងាចម៉ោង៤ និង៥២នាទីតទៅ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ឬ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ដែលមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យខេត្តដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន និងពាក់ម៉ាសជាប្រចាំ ហើយសម្រាប់ពត៌មានបន្ថែមសូមទាក់ទងលេខ១១៥៕