
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ២៤ មីនានេះ បានចុះចាប់ខ្លួនបុគ្គលដែលប្រឌិតព័ត៌មានរឿងចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩របស់ចិន ហើយបង្ហោះចែកចាយនៅលើបណ្ដាញសង្គម TikTok ដើម្បីបំភ័យកម្មករកុំឲ្យចាក់នោះ ត្រូវកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបានហើយ។
តាមរយៈវីដេអូបង្ហោះនៅបណ្តាញសង្គមTikTok បុគ្គលរូបនេះបានថតវីដេអូប្រឌិតព័ត៌មានពាក់ព័ន្ធជាមួយវ៉ាក់សាំងនេះ និងប្រាប់ទៅកម្មករកុំឲ្យចាក់វ៉ាក់សាំងនេះ ព្រោះអាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតក្រោយចាក់រួច។បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់។
ក្រសួងការងារនឹងព្រមានចាប់ខ្លួនអ្នកទាំងឡាយណា ដែលដើរបំផុសបំផុលអ្នកដទៃកុំឱ្យទៅចាក់វ៉ាក់សាំង ខណៈក្រសួងការងារកំពុងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងជូនកម្មករកម្មការនីរោងចក្រ។បើតាមហ្វេសប៊ុកផេក របស់ឯកឧត្តម ហេង សួរ បានបញ្ជាក់ឱ្យដឹងថា បើមានជនណាដែលដើរបំផុសអ្នកដទៃមិនឱ្យទៅចាក់វ៉ាក់សាំង សូមរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់ ហើយសមត្ថកិច្ចនឹងចាប់ជននោះមកផ្តន្ទាទោសទៅតាមជាក់ស្ដែង៕