
ភ្នំពេញ៖ ក្រសួងទេសចរណ៍លើកលែងការពិន័យអន្តរការណ៍ជាប្រាក់(មិនយកពន្ធ)ចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ រហូតដល់ថ្ងៃទី៣១ធ្នូ ឆ្នាំ២០២១នេះ ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ១៩ នៅពុំទាន់បានបញ្ចប់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។
យោងតាមសេចក្តីប្រកាស ដោយសារតែស្ថានភាពវិបត្តិជំងឺកូវីដ១៩ នៅពុំទាន់បានបញ្ចប់ និងដើម្បីចូលរួមសម្រួលដល់ការប្រកបអាជីវកម្មសេវាកម្មទេសចរណ៍ផងនោះ ក្រសួងទេសចរណ៍បានសម្រេចផ្ដល់រយៈពេលអនុគ្រោះលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ដែលជាសេវាសាធារណៈដែលផ្តល់ដោយក្រសួងទេសចរណ៍ ដែលអនុវត្តចាប់ពីថ្ងៃទី១៦ ខែមីនា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។
ក្រៅពីនេះ ក្រសួងក៏បានអំពាវនាវឱ្យម្ចាស់អាជ្ញាបណ្ណទេសចរណ៍ ឬប្រតិបត្តិករទេសចរណ៍ដែលពុំទាន់មានអាជ្ញាបណ្ណទេសចរណ៍ ឬអាជ្ញាបណ្ណទេសចរណ៍ហួសសុពលភាព ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍នៅទីស្ដីការក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ៕