
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២០មីនានេះ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានរយៈពេលមួយខែ។ រយៈពេលមួយខែកន្លងទៅនេះ គឺចំនួនអ្នកឆ្លងមានរហូតទៅដល់ជាងមួយពាន់នាក់ ដែលច្រើនជាងពីរដងនៃចំនួនអ្នកឆ្លងជាងមួយឆ្នាំនៅក្នុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ និងមានអ្នកស្លាប់ចំនួន៣នាក់។
ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមីនានេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥៤នាក់បន្ថែមទៀតដែល ៥៣នាក់ជាអ្នកជាប់ពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ធ្វើឱ្យចំនួនអ្នកឆ្លងកូវីដនៅប្រទេសកម្ពុជាកើន សរុបចំនួន ១៦៣២ នាក់ និងមានអ្នកស្លាប់ចំនួន៣នាក់។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃថា កម្ពុជាមិនទាន់ស្រាកស្រាន្តពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅឡើយទេ។ ថ្វីត្បិតតែរដ្ឋាភិបាលបានគ្រប់គ្រងសភាពការណ៍នៅខេត្តព្រះសីហនុបានល្អប្រសើរ ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ និងមួយផ្នែករបស់ខេត្តកណ្តាលកំពុងញាំញីនៅឡើយ ខណៈពេលខេត្តព្រៃវែង ខេត្តកោះកុងក៏មានស្ថានភាពមួយក្នុងការទប់ទល់ដែរ។
បើតាមសម្តេច ហ៊ុន សែន រយៈពេលមួយខែកន្លងទៅនេះ គឺចំនួនអ្នកឆ្លងមានរហូតទៅដល់ជាងមួយពាន់នាក់ដែលច្រើនជាងពីរដងចំនួនអ្នកឆ្លងជាងមួយឆ្នាំនៅក្នុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១។ ជំងឺរាតត្បាតនេះកំពុងតែបន្តគំរាមកំហែងក្នុងទីក្រុងភ្នំពេញ និងផ្នែកខ្លះក្នុងខេត្តកណ្តាល ទាមទាឲ្យរដ្ឋាភិបាលមានការយកចិត្តទុកដាក់បន្តទៀតទៅលើការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ តាមរយៈ ៣កុំ និង៣ការពារ។
ជាមួយគ្នានេះ សម្តេចក៏បានដាក់ចេញនូវវិធានការឆ្លើយតបពលរដ្ឋមានអាយុ៦០ឆ្នាំឡើងរស់នៅក្នុងទីក្រុងភ្នំពេញ ពិសេសតំបន់ដែលកំពុងរងការឆ្លងខ្លាំង នឹងទទួលបានការចាក់វ៉ាក់សាំងជូនមុនគេ ដោយរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការចាក់រយៈពេល១៥ថ្ងៃរាប់ចាប់ពីថ្ងៃដែលក្រុមការងាររៀបចំដំណើរការរួច។
ចំពោះអ្នកដែលមិនទាន់ចាក់ រង់ចាំចាក់វ៉ាក់សាំងប្រភេទ Sinovac ចំនួន១,៥លានដូស ដែលរដ្ឋាភិបាលបានទិញពីមិត្តចិន នឹងមកដល់កម្ពុជា នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ។ ក្រៅពីវ៉ាក់សាំងនេះ ក៏សល់ជំនួយវ៉ាក់សាំង Sinopharm របស់មិត្តចិនចំនួន៤០ម៉ឺនដូសទៀត ដែលសង្ឃឹមថានឹងបានទទួលមុនចូលឆ្នាំខ្មែរនេះផងដែរ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១៦៣២ នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៣៥ នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៦៩២ នាក់ ហើយករណីស្លាប់ ០៣នាក់៕