
ព្រះសីហនុ៖ សម្រាប់ស្ថានការណ៍ទូទៅនៅក្នុងខេត្តព្រះសីហនុ បានធូរស្បើយបន្តិចពីការឆ្លងរីករាលនៃជំងឺកូវីដ១៩ ក្រោយលទ្ធផលតេស្តសំណាកកូវីដ-១៩ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ មិនមានអ្នកវិជ្ជមានថ្មី និងមានអ្នកជាសះស្បើយចំនួន១៨នាក់។
យោងតាមរបាយការរបស់រដ្ឋបាលខេត្តព្រះសីហនុ គិតត្រឹមម៉ោង១២:០០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ យោងលទ្ធផលតេស្តសំណាកកូវីដ-១៩ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ មិនមានអ្នកវិជ្ជមានថ្មី និងមានអ្នកជាសះស្បើយចំនួន១៨នាក់។ ដូច្នេះតុល្យការអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលមានចំនួន ៧៤នាក់ ស្រី២៨នាក់។
បើតាមលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានថ្លែងថាស្ថានការណ៍នៅក្នុងខេត្តព្រះសីហនុ បានធូរស្បើយពីការឆ្លងរីករាលនៃជំងឺកូវីដ១៩ ដែលនេះជាសញ្ញាល្អមួយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយរដ្ឋបាលខេត្តគឺនៅតែបន្តការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសពង្រឹងប្រតិបត្តិការនៅក្នុងការគ្រប់គ្រងទៅលើទីតាំងនិងអ្នកដែលពាក់ព័ន្ធនឹងកូវីដ១៩។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុរូបនេះ បានបញ្ជាក់ថា នៅថ្ងៃទី១៧ ខែមីនានេះរដ្ឋបាលខេត្តបានចេញសេចក្តីសម្រេចដាក់ឲ្យដំណើរការឡើងវិញនៅទីតាំងដែលធ្វើចត្តាឡីស័ក៣កន្លែង ប៉ុន្តែក៏បានបិទទីតាំង៣កន្លែងដែលរដ្ឋាបាលខេត្តរកឃើញថាជាប់ពាក់ព័ន្ធនឹងកូវីដ១៩៕