
ចិន៖ លោកវេជ្ជបណ្ឌិត ចុង ណានសាន គឺជាអគ្គទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលចិន បានមានប្រសាសន៍ថា៖ការផ្តល់ក្តីសង្ឃឹមទាំងអស់ដល់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩គឺមិនត្រឹមត្រូវទេ គឺត្រូវមានការការពារបន្ថែមទៀត។
លោកវេជ្ជបណ្ឌិត ចុង ណានសាន បានពន្យល់ថា មានបញ្ហាជាច្រើនថែមទៀតដែលត្រូវគិតគូរ។បញ្ហាទី១គឺ៖វ៉ាក់សាំងរបស់ប្រទេសចិនគឺទាមទារអោយចាក់ចំនួនពីរដង ហើយមួយខែក្រោយគឺមានប្រសិទ្ធិភាព។ទោះបីជាវាមានប្រសិទ្ធិភាពក៏ដោយក៏មិនមែនបានន័យថា មានប្រសិទ្ធិភាព១០០%ដែរ។
បើតាមលោកវេជ្ជបណ្ឌិត នៅពេលដែលអ្នកទៅកាន់កន្លែងមានហានិភ័យខ្ពស់ ទោះបីជាមានចាក់វ៉ាក់សាំងក៏ដោយក៏ទាមទារអោយមានការប្រយ័ត្ន និងការពារទាំងចាក់វ៉ាក់សាំង និងវិធានការការពារចាំបាច់ផ្សេងទៀត គឺត្រូវធ្វើរួមគ្នា។
លោកវេជ្ជបណ្ឌិត ចុង ណានសាន បានបន្តថា នៅពេលដែលអ្នកមានអង់ទីគ័រការពារជម្ងឺកូវីដ១៩បន្ទាប់ពីចាក់វ៉ាក់សាំងរួច គឺមានផលប្រយោជន៍ចំពោះខ្លួនឯងក្នុងការការពារកុំអោយឆ្លងជម្ងឺ។ក៏ប៉ុន្តែពេលមានអង់ទីគ័រការពារជម្ងឺកូវីដ១៩ហើយ តើអាចឆ្លងជម្ងឺកូវីដ១៩បានដែររឺទេ? រឺក៏ឆ្លងហើយមិនមានចេញរោគសញ្ញាអ្វីទាំងអស់ ធ្វើអោយយើងមិនដឹងថាខ្លួនឆ្លង? ទាំងនេះសុទ្ធតែគ្មាននរណាគេដឹងនៅឡើយទេ។
ហើយបើសិនជាមានការឆ្លងហើយមិនមានចេញរោគសញ្ញា តើគាត់ម្នាក់នោះអាចឆ្លងដល់អ្នកដទៃដែរឬទេ? ក៏គ្មានអ្នកណាដឹងនៅឡើយទេ។ដូច្នេះហើយ នេះគឺជាប្រធានបទថ្មីមួយទៀត ដែលមិនអាចធ្វើការសន្និដ្ធានភ្លាមៗនាពេលនេះបានឡើយ។
សូមបញ្ជាក់ថា លោកវេជ្ជបណ្ឌិត ចុង ណានសាន គឺជាអគ្គទីប្រឹក្សាផ្នែកវេជ្ជសាស្ត្ររបស់រដ្ឋាភិបាលចិន លោកត្រូវបានប្រជាជនចិនទទួលស្គាល់ថា ជាវេជ្ជបណ្ឌិតដ៏ជំនាញក្នុងការដឹកនាំប្រឆាំងជម្ងឺកូវីដនៅក្នុងប្រទេសចិន៕
