ភ្នំពេញ៖ ជនជាតិខ្មែរ ឬបរទេសទាំងអស់រស់នៅក្នុងប្រទេសកម្ពុជាដែលទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ផលិតក្នុងប្រទេសចិនរួច អាចមានភាពងាយស្រួលក្នុងការស្នើសុំទិដ្ធាការ(Visa)ទៅកាន់ប្រទេសចិន។នេះបើយោងតាមការប្រកាសរបស់ស្ថានទូតចិនប្រចាំក្នុងប្រទេសកម្ពុជា។
ស្ថានទូតចិន បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០២១នេះតទៅ ស្ថានទូតចិនប្រចាំនៅកម្ពុជានឹងផ្តល់ភាពងាយស្រួលសម្រាប់ជនជាតិខ្មែរ ឬជនបរទេសក្នុងការស្នើសុំទិដ្ធាការ(Visa)ទៅកាន់ប្រទេសចិន។ប៉ុន្តែអ្នកដែលស្នើសុំនោះ ត្រូវតែបានចាក់វ៉ាក់សាំងកូវីដ១៩ផលិតក្នុងប្រទេសចិនចំនួន២លើករួចហើយ និងលិខិតបញ្ចាក់អំពីការចាក់វ៉ាក់សាំងដែលត្រូវបានទទួលស្គាល់ដោយស្ថានទូតចិន។
ស្ថានទូតបន្តថា បច្ចុប្បន្នការស្នើសុំទិដ្ធាការទៅកាន់ប្រទេសចិន គឺបើកសំរាប់តែអ្នកដែលចង់ទៅចិនក្នុងគោលបំណង ដើម្បីបន្តការងារនៅចិនក្នុងវិស័យផ្សេងៗ រឺទៅកាន់ប្រទេសចិនក្នុងគោលបំណងជួបជុំគ្រួសារ សួរសុខទុក្ខបងប្អូន ចូលរួមបុណ្យសព ឬធ្វើដំណើរទៅមើលសាច់ញាតិដែលមានជំងឺធ្ងន់ធ្ងរជាដើម។
ស្ថានទូតចិន បានអះអាងទៀតថា ដោយសារតែស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជានាពេលបច្ចុប្បន្នកំពុងតែបន្ត ស្ថានទូតចិននៅកម្ពុជានៅតែផ្អាកទទួលពាក្យសុំទិដ្ឋាការក្នុងគោលបំណងមួយចំនួនជាបណ្តោះអាសន្នសិន ដូចជាទៅទេសចរណ៏ ទៅព្យាបាលជំងឺ ឬទៅចិនសិក្សា។
គួរបញ្ជាក់ថា រដ្ឋាភិបាលនៃប្រទេសចិនបានសម្រេចផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ចំនួន១លានដូលដល់ប្រទេសកម្ពុជា។វ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូស បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី ៧ កុម្ភៈ ឆ្នាំ២០២១ ខណៈលើកទី២ចំនួន៤០ដូលនឹងមកដល់នៅដើមខែមេសាខាងមុខនេះ។ គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ យោធានិងប្រជាពលរដ្ឋកម្ពុជាដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម (Sinopharm)របស់ចិនមានចំនួនជាង២៥០០០០នាក់ហើយ៕