Cctimesw1140xh150cm copy

មេដឹកនាំស៊ីវិលមីយ៉ាន់ម៉ាឱ្យពលរដ្ឋបង្កើនការការពារខ្លួនខណៈចំនួនបាតុករស្លាប់មានការកើនឡើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
ប្រភពរូបភាពដោយ៖ (Reuters)

មីយ៉ាន់ម៉ា៖ ប្រធានស្តីទីស្របគ្នានៃរដ្ឋាភិបាលស៊ីវិលប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី១៤មីនាឆ្នាំ២០២១នេះ បានផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋទាំងឡាយដែលជាក្រុមបាតុករ បង្កើនការប្រុងប្រយ័ត្ន និងគួរតែការពារ ខ្លួនឯងផ្ទាល់ ហើយមេដឹកនាំស៊ីវិលមីយ៉ាន់ម៉ា នឹងព្យាយាមផ្តល់សិទ្ធិស្របច្បាប់ដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាក្នុងការការពារខ្លួននៅខណៈពេលដែលចំនួនអ្នកស្លាប់លើសពី ៨០នាក់ ក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធាមីយ៉ាន់ម៉ាកាលពីខែមុន នេះបើតាមប្រភពនៃអ្នកតស៊ូមតិមួយក្រុម។ តាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters)។

លោក Mahn Win Khaing Than ប្រធានព្រឹទ្ធសភានិងជាប្រធានរដ្ឋសភាមីយ៉ាន់ម៉ា កំពុងធ្វើការជាមួយមន្រ្តីជាន់ខ្ពស់មកពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យនៃមីយ៉ាន់ម៉ា ហើយលោកបានថ្លែងទៅកាន់សាធារណជនតាមរយៈបណ្ដេញសង្គមហ្វេសប៊ុកថា "ខណៈនេះជាពេលវេលាដ៏ខ្មៅងងឹតបំផុតរបស់ប្រទេសជាតិ ហើយក៏ជាពេលវេលាដែលថ្ងៃរះជិតមកដល់វិញហើយ រដ្ឋាភិបាលស៊ីវិលនឹងព្យាយាមធ្វើច្បាប់ ដែលតម្រូវឱ្យប្រជាជនមានសិទ្ធិការពារខ្លួនបានដើម្បីប្រឆាំងនឹងការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ា"។

ក្រុមជំនួយសម្រាប់ក្រុមអ្នកតស៊ូមតិអ្នកទោសនយោបាយ បាននិយាយថា គិតត្រឹមថ្ងៃសៅរ៍ទី១៣មីនានេះ បាតុករប្រមាណ ៨០នាក់ ត្រូវបានសម្លាប់ និងមនុស្សជាង ២១០០នាក់ ត្រូវបានចាប់ខ្លួន នៅពេលពួកគេធ្វើការតវ៉ាយ៉ាងខ្លាំងក្លា ដើម្បីប្រឆាំងនឹងការដណ្តើមអំណាចរបស់យោធាមីយ៉ាន់ម៉ា។ ជាមួយគ្នានេះដែរ មានសាក្សី និងក្នុងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ១៣នាក់ត្រូវបានសម្លាប់ នៅថ្ងៃសៅរ៍ដែលជាថ្ងៃបង្ហូរឈាមបំផុត ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២១កន្លងទៅ។

សូមបញ្ជាក់ថា កាលពីថ្ងៃសៅរ៍កន្លងទៅនេះ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា មនុស្ស០៥នាក់ត្រូវបានបាញ់សម្លាប់ និងបាតុករជាច្រើននាក់ទៀតរងរបួស នៅពេលដែលប៉ូលិសចាប់ផ្ដើមបើកការបាញ់ប្រហារទៅលើបាតុកម្មរបស់ពលរដ្ឋធ្វើការតវ៉ានៅក្នុងទីក្រុងម៉ាន់ដាឡាយ(Mandalay)ដែលជាទីក្រុងធំបំផុតទី២របស់ប្រទេសមីយ៉ាន់ម៉ា។ មនុស្សពីរនាក់ត្រូវបានសម្លាប់នៅកណ្តាលក្រុងព្យេយ (Pyay) និងពីរនាក់ទៀត បានស្លាប់ដោយការបាញ់របស់ប៉ូលីស នៅក្នុងរដ្ឋធានីពាណិជ្ជកម្មរ៉ង់ហ្គូនដែលទាំងបីនាក់ត្រូវបានសម្លាប់នៅពេលយប់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង