
មីយ៉ាន់ម៉ា៖ យោងតាមសារព័ត៌មានរ៉យទ័រ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សពីរនាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហាររបស់ប៉ូលីស នៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈក្រុមសកម្មជនបានអំពាវនាវឱ្យមានការធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារបន្ថែមទៀត នៅថ្ងៃខួបមរណភាពរបស់និស្សិត ដែលបានសម្លាប់នៅឆ្នាំ១៩៨៨ បង្កឱ្យមានការបះបោរប្រឆាំងនឹងរដ្ឋាភិបាល។
ការអំពាវនាវកាលពីថ្ងៃសៅរ៍ បានធ្វើឡើងនៅពេលដែលមេដឹកនាំសហរដ្ឋអាមេរិក ឥណ្ឌា អូស្ត្រាលី និងជប៉ុន បានប្តេជ្ញាថានឹងធ្វើការរួមគ្នា ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាកន្លែងដែលអំពើហឹង្សាបានកើតឡើង ខណៈអាជ្ញាធរបង្ក្រាបការតវ៉ានិងការមិនគោរពជនស៊ីវិល។
សារព័ត៌មានក្នុងស្រុកបានរាយការណ៍ទៀតថា ក្រុមបាតុករពីរនាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហាររបស់ប៉ូលីសនៅក្នុងសង្កាត់ Tharketa នៃរដ្ឋធានី យ៉ានហ្គោនរបស់ប្រទេសមីយ៉ាន់ម៉ានៅពេលយប់។
ប័ណ្ណប្រកាសបានផ្សព្វផ្សាយលើបណ្តាញសង្គមអំពាវនាវឱ្យប្រជាជនចេញមកតាមដងផ្លូវដើម្បីតវ៉ាប្រឆាំងនឹងរបបយោធា និងដើម្បីប្រារព្ធខួបមរណភាពរបស់លោក Phone Maw ដែលត្រូវបានបាញ់សម្លាប់ដោយកងកំលាំងសន្តិសុខកាលពីឆ្នាំ ១៩៨៨ ខាងក្នុងវិទ្យាស្ថានវិទ្យាសាស្ត្រយ៉ានហ្គោន។
ការបាញ់សម្លាប់របស់គាត់និងនិស្សិតម្នាក់ទៀត ដែលបានស្លាប់ប៉ុន្មានសប្តាហ៍ក្រោយមកបានធ្វើឱ្យមានការតវ៉ាយ៉ាងទូលំទូលាយប្រឆាំងនឹងរដ្ឋាភិបាលយោធា ដែលគេស្គាល់ថាជាយុទ្ធនាការ ៨-៨-៨៨ ពីព្រោះពួកគេបានឡើងដល់កំពូលនៅខែសីហាឆ្នាំនោះ។
នៅថ្ងៃទី ១ ខែកុម្ភៈឆ្នាំនេះឧត្តមសេនីយ៍ បានទម្លាក់រដ្ឋាភិបាលរបស់លោកស្រី Suu Kyi និងបានឃុំខ្លួនលោកស្រីនិងសហសេវិកគណៈរដ្ឋមន្ត្រីជាច្រើនរូប ដោយអះអាងពីការក្លែងបន្លំនៅក្នុងការបោះឆ្នោតខែវិច្ឆិកា។
ក្រុមតស៊ូមតិរបស់សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បាននិយាយថា មនុស្សជាង ៧០ នាក់ត្រូវបានសម្លាប់នៅមីយ៉ាន់ម៉ា ចាប់តាំងពីការតវ៉ាមក៕