
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសស្តីពីការរឹតបន្តឹងវិធានការមួយចំនួនសម្រាប់ជនទេសដែលស្នើសុំទិដ្ឋការចូលកម្ពុជា។ ការរឹតបន្តឹងនេះធ្វើឡើងដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
យោងតាមសេចក្តីជូនដំណឹង ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់នៃការរីករាលដាលនៃកូវីដ១៩ និងជួយសម្រួលដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងការស្រាវជ្រាវ និងស្វែងរកបុគ្គលដែលមានការពាក់ព័ន្ធ ក្នុងករណីដែលមានការចម្លងជំងឺកូវីដ១៩នៅកម្ពុជា ក្រសួងបានណែនាំនូវវិធានការមួយចំនួនបន្ថែមពីលើវិធានការរបស់ក្រសួងសុខាភិបាល ចំពោះជនបរទេសដែលស្នើសុំទិដ្ឋាការចូលក្នុងកម្ពុជា។
វិធានការទាំងនោះមានដូចជា ជនបរទេសទាំងអស់ដែលចូលមកកម្ពុជាត្រូវមានលិខិតធានា្យច្បាស់លាស់ពីក្រុមហ៊ុន ឬសមភាគីរបស់ខ្លួននៅកម្ពុជា ឬលិខិតអញ្ញើញពីស្ថាប័នរដ្ឋណាមួយរបស់កម្ពុជា។ មួយវិញទៀត ជនបរទេសទាំងអស់ត្រូវផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់អំពីអាស័យដ្ឋាន ឬទីកន្លែងស្នាក់នៅក្នុងប្រទេសកម្ពុជានិងលេខទូរស័ព្ទទំនាក់ទំនងនៅកម្ពុជា។
បន្ថែមពីនេះ ជនបរទេសទាំងអស់ត្រូវបញ្ជាក់ឱ្យបានច្បាស់អំពីគោលបំណងនៃការធ្វើដំណើរមកកម្ពុជា ដោយគួរភ្ជាប់ជាមួយនូវកម្មវិធីការងារ ហើយត្រូវគោរពវិធាននានាដែលបានដាក់ចេញដោយក្រសួងសុខាភិបាល៕
