
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជាសម្តេច ហ៊ុន សែន នៅថ្ងៃទី ៩ មីនានេះ បានថ្លែងសារពិសេសមួយជូនដល់អាជ្ញាធរគ្រប់ខេត្តក្រុងទាំងអស់ ត្រូវត្រៀមបច្ឆាសម្រាប់បូជាក្នុងករណីមានអ្នកជំងឺកូវីដ-១៩ស្លាប់។សម្រាប់សម្តេចក្នុងករណីមានអ្នកជំងឺកូវីដ-១៩ ស្លាប់ គឺរដ្ឋាភិបាលសម្រេចយកការបូជាសព មិនមែនការបញ្ចុះទេ។
សម្តេច ហ៊ុន សែន បានថ្លែពន្យល់ថា មូលហេតុដែលរដ្ឋាភិបាលកម្ពុជាសម្រេចយកការបូជាសពជំនួសឱ្យការបញ្ចុះ គឺដោយសារតែការបូជា ឬដុត គឺមានភាពងាយស្រួលក្នុងការគ្រប់គ្រងបញ្ជៀសការដាក់សាកសពពាសវាលពាសកាល។សម្តេចអះអាងថា កម្ពុជាមិនមែនគ្មានដីបញ្ចុះនោះទេ តែដើម្បីធានាដល់វិធាការគ្រប់គ្រងដីធ្លី។
បើតាមសម្តេចហ៊ុន សែន ជនជាតិចិនម្នាក់ដែលបានស្លាប់កាលពីពេលថ្មីៗនេះ នៅព្រែកព្នៅ គឺរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបូជា ហើយបច្ចុប្បន្នសាលារាជធានីភ្នំពេញ បានកំពុងរៀបចំបច្ឆាសម្រាប់បូជា ក្នុងករណីមានអ្នកជំងឺស្លាប់ដោយសារកូវីដ-១៩៕