រុស្ស៊ី៖ ថ្ងៃទី៤ ខែមីនា កាសែត «Pravda» របស់រុស្ស៊ី បានចុះផ្សាយអត្ថបទដែលមានចំណងជើងថា «បទពិសោធន៍សំខាន់ជាងគេរបស់បក្សកុម្មុយនិស្តចិន សម្រាប់ទទួលបានភាពជោគជ័យ គឺពូកែរៀនសូត្រពីប្រវិត្តសាស្ត្រនិងមហាជន » ដែលនិពន្ធដោយលោក Zyuganov ប្រធានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តរុស្ស៊ី និង ជាបណ្ឌិតទស្សនវិជ្ជា ។
លោក Zyuganov បានសម្គាល់ឃើញថា តាំងពីបានបង្កើតឡើងមក បក្សកុម្មុយនិស្តចិនបានដឹកនាំប្រជាជនចិនដើរចេញផុតពីភាពក្រីក្រនិងអន់ថយឆ្ពោះទៅកាន់ការស្តារភាពរុងរឿងថ្កុំថ្កើងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ព្រមទាំងបានរួមចំណែកដ៏មហិមាដល់ពិភពលោកទាំងមូលផងដែរ ។ បទពិសោធន៍របស់បក្សកុម្មុយនិស្តចិន គឺក្តាប់ជាប់ទ្រឹស្តីដ៏ជឿនលឿនព្រមទាំងអាចរៀនសូត្រពីមហាជនផងដែរ។
ជានិច្ចកាល បក្សកុម្មុយនិស្តចិន បានខិតខំប្រឹងប្រែងក្នុងការបំពេញតាមតម្រូវការរបស់ប្រជាជនលើវិស័យជីវភាពរស់នៅនិងវប្បធម៌ ដែលបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ បក្សកុម្មុយនិស្តចិន បានចាក់គ្រឹះក្នុងប្រជាជន ហើយក៏ស្វែងរកផលប្រយោជន៍ជូនដល់ប្រជាជនផងដែរ។
ទន្ទឹមនឹងនេះ ប្រទេសចិន បាននិងកំពុងលុបបំបាត់ចោលនូវភាពក្រីក្រខ្លាំង ខិតខំប្រឹងប្រែងដើម្បីកសាងសង្គម ដែលប្រជាជនមានជីវភាពរស់នៅធូរធារបង្គួរ ។ ថ្នាក់ដឹកនាំនៃបណ្តាខេត្តភូមិភាគស្វយ័តជនជាតិភាគតិច និងទីក្រុងក្រោមឳវាទមជ្ឈិមក៏បានចុះហត្ថលេខាលើលិខិតទទួលខុសត្រូវលើវិស័យកាត់បន្ថយភាពក្រីក្រផងដែរ ។
ឆ្លងតាមរយៈវិធីបែបនេះ ប្រតិបតិ្តការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិនកាន់តែមានប្រសិទ្ធភាព ក្នុងនោះបូករួមទាំងការលើកកម្ពស់កម្រិតប្រាក់ចំណូលជាទូទៅ កិច្ចកសាងហេដ្ឋារចនាសម័្ពន្ធនៅតាមជនបទ ការផ្តល់ការធានារ៉ាប់រងក្នុងសង្គម និងការកើនឡើងលើវិស័យសេវាកម្មសាធារណៈ ផ្នែកសុខាភិបាល អប់រំនិងវប្បធម៌ជាដើម ។
បច្ចុប្បន្ននេះ ប្រទេសចិនមិនគ្រាន់តែបានជួយពិភពលោកពុះពារវិបត្តសេដ្ឋកិច្ចដោយជោគជ័យប៉ុណ្ណោះទេ ថែមទាំងក៏បានចង្អុលបង្ហាញពីទិសដៅយុទ្ធសាស្ត្រដ៏សំខាន់នៅពេលអនាគតទៀតផង ៕