
(ភ្នំពេញ)ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅយប់ថ្ងៃទី៤នេះថា បុរសជនជាតិចិនម្នាក់ដែលបានស្លាប់នៅពេលទទួលការព្យបាលជំងឺកូវីដ១៩នៅមជ្ឈមណ្ឌលព្យាបាលកូវីដ១៩ព្រែកភ្នៅមិនមែនដោយជំងឺកូវីដ១៩នោះទេ ។
ស្ថានទូតចិនបានបញ្ជាក់ថា ៖ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ប្រាប់ស្ថានទូតនាយប់ថ្ងៃទី៤មិនានេះថា បុរសជនជាតិចិនដែលមានអាយុ៣៤ឆ្នាំរូបនេះ គឺតេស្តវិជ្ជមានកូវីដ១៩នៅថ្ងៃទី២៨ ខែកុម្ភៈ ហើយបានបញ្ជូនទៅព្យាបាលនៅមជ្ឈមណ្ឌលព្យាបាលកូវីដ១៩ព្រែកភ្នៅនាថ្ងៃបន្ទាប់ ហើយបានស្លាប់នៅថ្ងៃទី៤ ខែមិនាវេលាម៉ោង៩ព្រឹក។
ស្ថានទូតចិនបន្តថា៖ ឆ្លងកាត់តាមអ្នកជំនាញរបស់ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការស្រាវជ្រាវរកមូលហេតុនៃការស្លាប់របស់គាត់ ហើយរកឃើញថាសំណាកទឹកនោមរបស់អ្នកស្លាប់មានភាពខាប់ដែលមានជាតិផ្សំអំហ្វេតេមីន។ អ្នកជំនាញបានយល់ថា គាត់ស្លាប់ដោយសារប្រើប្រាស់ថ្នាំអំហ្វេតេមីនលើសកំណត់ទើបបណ្តាលអោយស្លាប់ មិនមែនស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ។
ក្រសួងសុខាភិបាលនៅល្ងាចថ្ងៃទី ៤ មីនានេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការដោយបានទាត់ចោលទាំងស្រុង ចំពោះការផ្សាយទាំងឡាយ ដែលលើកឡើងថា បុរសជនជាតិចិនកំពុងព្យាបាលជំងឺកូវីដ១៩ម្នាក់ បានស្លាប់ដោយសារតែស្ថានភាពជំងឺកូវីដ១៩។
ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា តាមរយៈការធ្វើកោសល្យវិច័យល្អិតល្អន់ទៅរកឃើញថា បុរសរូបនេះស្លាប់ដោយសារការរើឡើងនៃថ្នាំញៀនធ្ងន់ធ្ងរ។បុរសជនជាតិចិនម្នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅក្នុងមណ្ឌលព្យាបាលជំងឺកូវីដ១៩ ព្រែកព្នៅ បានស្លាប់កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។ បុរសជនជាតិចិនរូបនេះ មានឈ្មោះ ឡាយ ប៊ីនស៊ាង អាយុ ៣៣ឆ្នាំ។
បុរសជនជាតិចិនរូបនេះ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩ ពីអ្នកកើតជំងឺក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ រូបគេត្រូវបានយកសំណាកធ្វើតេស្តកាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយសម្រាកព្យាបាលជំងឺនៅថ្ងៃទី០១ ខែមីនា៕