
វៀតណាម៖ ប្រទេសវៀតណាម បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាលើកដំបូង ចំនួន ១១៧.០០០ ដូស ពីក្រុមហ៊ុនផលិតឱសថ AstraZeneca កាលពីថ្ងៃទី ២៤ កុម្ភៈ មុនយុទ្ធនាការចាក់វ៉ាក់សាំងបង្ការរបស់ខ្លួន ដែលនឹងប្រព្រឹត្តធ្វើឡើងនៅខែក្រោយនេះ។
រដ្ឋាភិបាលវៀតណាមបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា វ៉ាក់សាំងនេះដែលត្រូវបានដឹកតាមជើងយន្តហោះមកដល់ទីក្រុងហូជីមិញ ពីប្រទេសកូរ៉េខាងត្បូងនោះ នឹងត្រូវប្រើដើម្បីចាក់ឲ្យពលរដ្ឋវៀតណាមប្រមាណជាង ៥ម៉ឺននាក់ ដែលជាអ្នកកំពុងស្ថិតក្នុងហានិភ័យខ្ពស់។នេះបើយោងតាមការចុះផ្សាយរបស់VNEXPRESS របស់ប្រទេសវៀតណាម។
បើតាមគម្រោងវៀតណាមគ្រោងនឹងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៩០ លានដូស នៅក្នុងឆ្នាំនេះ ដែលក្នុងនោះមានវ៉ាក់សាំង ៣០ លានដូស តាមរយៈកម្មវិធី COVAX ចំនួន ៣០ លានដូសពីក្រុមហ៊ុន AstraZeneca របស់អង់គ្លេស ហើយក្រៅពីនេះវៀតណាមកំពុងចរចាដើម្បីទិញវ៉ាក់សាំងនេះពីក្រុមហ៊ុនឱសថអាមេរិក Pfizer៕