
ភ្នំពេញ៖យ៉ាងហោចណាស់មានកងកម្លាំងនគរបាលជាតិទូទាំងប្រទេស ប្រមាណជាង៦ម៉ឺននាក់ បានត្រៀមខ្លួនជាស្រេចក្នុងការទទួលយកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ដែលទទួលបានចាក់វ៉ាក់សាំងហើយនោះ បានបញ្ជាក់ឲ្យដឹងថា កងកម្លាំងនគរបាលជាតិ គ្រប់ផ្នែក និងគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ មានជំនឿជឿជាក់លើវ៉ាក់សាំងស៊ីណូហ្វាមរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការទទួលយកការចាក់វ៉ាក់សាំងនេះ ដើម្បីការពារខ្លួនជៀសផុតពីជំងឺឆ្លងកូវីដ-១៩ ក្នុងប្រតិបត្តិការការពារសុវត្ថិភាព សន្តិសុខ សណ្ដាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចូលក្នុងសហគមនាពេលបច្ចុប្បន្នផងដែរ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ត្រូវជឿជាក់លើការសម្រេចចិត្តដ៏ត្រឹមត្រូវ និងខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលទទួលយកវ៉ាក់សាំងស៊ីណូហ្វាមនេះ មកចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ ពីសំណាក់សាធារណៈរដ្ឋប្រជាមានិតចិន និងកុំចាញ់បោកការញុះញង់ពីជនមួយក្ដាប់តូច ដែលបំភ្លៃព័ត៌មានទាក់ទងទៅនឹងវ៉ាក់សាំងស៊ីណូហ្វាមនេះ។
សូមជម្រាបថា ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនទៅដល់កងកម្លាំងនគរបាលជាតិទូទាំងប្រទេសនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះតទៅ ដោយអង្គភាពនីមួយៗត្រូវដឹកនាំកងកម្លាំងរបស់ខ្លួនមកទទួលវ៉ាក់សាំងស្របតាមការសម្របសម្រួលរបស់ក្រុមគ្រូពេទ្យ នៃក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិនចំនួន៦០ម៉ឺនដូសនេះ ជាប្រភេទវ៉ាក់សាំងស៊ីណូហ្វាម ដែលផលិតដោយរដ្ឋាភិបាលចិន បានបញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ។ ក្រោយមកដល់ប្រទេសកម្ពុជា វ៉ាក់សាំងស៊ីណូហ្វាមទាំងនេះ ត្រូវបានប្រគល់ជូនក្រសួងការពារជាតិចំនួន ៣០ម៉ឺនដូស និងប្រគល់ជូនក្រសួងសុខាភិបាលចាត់ចែងចំនួន ៣០ម៉ឺនដូស៕