Yearendyearend1140x150

កម្មវិធី SHAREit សម្រាប់ទូរសព្ទ Android អាចមានចន្លោះប្រហោងបើកឱកាសឱ្យជនអនាមិកលួចទាញយកទិន្នន័យបាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

អន្តរជាតិ៖ កម្មវិធី SHAREit សម្រាប់ Android ត្រូវបានគេរកឃើញពីភាពចន្លោះប្រហោងរបស់កម្មវិធីនេះ ដែលអាចបើកឱកាសឱ្យជនអនាមិកលួចទាញយកទិន្នន័យបាន។ នេះបើយោងតាមអត្ថបទផ្សាយរបស់ផេកផ្លូវការរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

កម្មវិធី SHAREit គឺជាកម្មវិធីដ៏ពេញនិយមមួយសម្រាប់អ្នកប្រើប្រាស់ជាមួយប្រព័ន្ធប្រតិបត្តិការទូរសព្ទ Android ដើម្បីចែករំលែកឯកសារផ្សេងៗ ពីទូរសព្ទមួយទៅទូរសព្ទមួយទៀត។ ប៉ុន្តែកាលពីដើមសប្តាហ៍នេះក្រុមហ៊ុន Trend Micro បានបង្ហាញពីភាពចន្លោះប្រហោងរបស់កម្មវិធី SHAREit ដែលអាចឱ្យជនអនាមិកជ្រៀតចូលទៅក្នុងទូរសព្ទរបស់អ្នកប្រើប្រាស់បាន។  

លោក Echo Duan អ្នកស្រាវជ្រាវផ្នែកសន្តិសុខបច្ចេកវិទ្យា បានឱ្យដឹងថា ក្រុមជនខិលខូចអាចប្រើប្រាស់កម្មវិធីដែលមានមេរោគតាមរយៈកម្មវិធី SHAREit ដើម្បីធ្វើការទាញយកទិន្នន័យ ហើយជាងនេះទៅទៀតពួកគេក៏អាចប្រើទូរសព្ទពីចម្ងាយបានទៀតផង។ ហើយបច្ចុប្បន្ន ក្រុមហ៊ុនកម្មវិធី SHAREit ពុំទាន់បានធ្វើការកែសម្រួលទាក់ទងនឹងបញ្ហានេះនៅឡើយទេ ទោះបីជាក្រុមហ៊ុនសន្តិសុខ Trend Micro បានជូនដំណឹងឱ្យក្រុមហ៊ុនអស់រយៈពេល០៣ខែកន្លងមកហើយនោះក្ដី ដូច្នេះក្រុមហ៊ុនសន្តិសុខបានធ្វើការផ្សព្វផ្សាយ ដើម្បីឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងកម្មវិធីនេះ។

គួរបញ្ជាក់ផងដែរថា កម្មវិធី SHAREit គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទាំង៥៩ របស់ក្រុមហ៊ុនចិន ដែលប្រទេសឥណ្ឌាបានបិទដំបូងគេ កាលពីឆ្នាំកន្លងទៅ។ មកដល់ពេលបច្ចុប្បន្ន កម្មវិធីនេះត្រូវបានទាញយកជាង១០០០លានដង ហើយត្រូវបានទទួលចំណាត់ថ្នាក់ជាកម្មវិធីមួយក្នុងចំណោមកម្មវិធីដែលត្រូវបានទាញយកច្រើនបំផុតនៅក្នុង Play Store កាលពីឆ្នាំ២០១៩៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង