Cctimesw1140xh150cm copy

កញ្ញា អែម សុវណ្ណារី ជាកីឡាការិនីសញ្ជាតិខ្មែរ-អាមេរិក ប្រឹងប្រកួតឱ្យឈ្នះកម្មវិធី ONE Championship ដើម្បីលើកស្ទួយវប្បធម៌ខ្មែរ

យុវជន
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
កញ្ញា អែម សុវណ្ណារី កីឡាការិនីជនជាតិខ្មែរ-អាមេរិកមួយរូបដែលទើបតែឈ្នះពានរង្វាន់ការប្រកួត ONE Championship នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៩មករាកន្លងទៅ (រូបភាពដោយ៖ ONE Championship)

អាមេរិក៖ កីឡាការិនីជនជាតិខ្មែរ-អាមេរិកមួយរូប កញ្ញា អែម សុវណ្ណារី ដែលទើបតែឈ្នះពានរង្វាន់ការប្រកួត ONE Championship នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៩មករាកន្លងទៅ។ នៅដើមឆ្នាំ២០១២ កញ្ញា សុវណ្ណារី បានចាប់ផ្តើមហ្វឹកហាត់ក្បាច់គុនដំបូងនៅអាយុ ២០ឆ្នាំ ដោយមានបំណងចង់មានទំនាក់ទំនងជាមួយឫសគល់នៃវប្បធម៌ខ្មែរជាវប្បធម៌របស់ជាតិកំណើតរបស់ខ្លួន ហើយក៏ព្យាយាមប្រកួតគុនចម្រុះនៅប្រទេសផ្សេងៗទៀតកន្លងមក ក្នុងការលើកស្ទួយវប្បធម៌ខ្មែរឱ្យល្បីល្បាញតាមបណ្ដាឆាកអន្តរជាតិ។

កាលពីឆ្នាំ២០១២មកម្ល៉េះ ថ្វីបើខ្លួនជាមនុស្សស្រី មានអាយុត្រឹមតែ២០ឆ្នាំក៏ពិតមែន កញ្ញា សុវណ្ណារី ពិតជាការប្ដេជ្ញាចិត្តក្នុងការចាប់ផ្តើមចូលរៀនវគ្គបណ្តុះបណ្តាល និងហ្វឹកហាត់ក្បាច់គុនចម្រុះដំបូងនៅក្លឹបប្រដាល់ DG Boxing នៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក ដែលទទួលបានពីការបង្ហាត់បង្រៀនដោយគ្រូជនជាតិអាមេរិកផ្ទាល់ ដែលជាឱកាសមួយធ្វើឱ្យកញ្ញាអាចបង្ហាញសមត្ថភាពដែលខ្លួនអាចធ្វើបាន បានធ្វើឱ្យជាតិសាសន៍ដទៃទៀតដឹងថា កូនខ្មែរក៏អាចធ្វើបានដូចគ្នាផងដែរ។

តាមរយៈកិច្ចសម្ភាសន៍របស់កញ្ញា អែម សុវណ្ណារី ជាមួយស៊ីស៊ីថាមស៍ថា មូលហេតុដែលខ្លួនឈានជើងចូលហាត់រៀនក្បាច់គុនចម្រុះរបស់ខ្លួន គឺដោយសារឧបនិស្ស័យ និងចំណង់ចំណូលចិត្តទៅលើផ្នែកវិស័យកីឡា។ ម្យ៉ាងវិញទៀត គោលដៅដ៏ចម្បងនោះគឺ កញ្ញារស់នៅសហរដ្ឋអាមេរិក តែងតែមានការរលឹកនឹកដល់ប្រទេសមាតុភូមិរបស់ខ្លួន ហើយដើម្បីផ្សារភ្ជាប់ និងចង់មានទំនាក់ទំនងជាមួយឫសគល់នៃវប្បធម៌ប្រទេសកម្ពុជាឱ្យបានយូរអង្វែង គឺតាមរយៈកម្មវិធីប្រកួតក្បាច់ប្រដាល់ចម្រុះ(MMA)។

រហូតមកដល់ពេលនេះ សុវណ្ណារី ធ្លាប់ចូលប្រកួតក្បាច់គុនចម្រុះបែបអាជីពចំនួន០៥ លើកមកហើយ សរុបមកធ្លាប់បានប្រកួតចាញ់មួយលើក និងឈ្នះចំនួន០៤លើក ដោយការផ្តួលរំលំដោយបច្ចេកទេស ឬវាយឱ្យសន្លប់តែម្ដង។ ក្នុងនោះមាន ០២លើកដំបូងប្រកួតនៅសហរដ្ឋអាមេរិក និង០៣លើកផ្សេងទៀតនៅកម្មវិធី ONE Championship នៅប្រទេសម៉ាឡេស៊ី ប៉ុន្តែថ្មីៗនេះប្រកួតនៅប្រទេសសិង្ហបុរី។ សម្រាប់កម្មវិធី ONE Championship កញ្ញា សុវណ្ណារី ធ្លាប់ប្រយុទ្ធចំនួន០៣លើក ដែលចាញ់០១លើកក្នុងខែធ្នូ ២០១៨ ហើយឈ្នះ០២លើក គឺក្នុងខែធ្នូ ២០១៧ និងទទួលបានពានរង្វាន់លេខមួយ កាលពីចុងខែមករា ២០២១កន្លងទៅ។

កីឡាការិនីអត្តពលិករូបស្រស់នេះ អះអាងថា ខ្លួនគ្មាននរណាម្នាក់នៅក្នុងគ្រួសារ ធ្លាប់ពាក់ព័ន្ធនឹងការប្រកួតគុនចម្រុះពីមុនមកនោះទេ គឺមានតែខ្លួនឯងម្នាក់ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក្ដី ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកនៅជុំវិញខ្លួនទាំងជនជាតិខ្មែរ ក៏ដូចជាជាតិសាសន៍ផ្សេងទៀតនៅសហរដ្ឋអាមេរិក តែងតែជម្រុញលើកទឹកចិត្ត និងពេញចិត្តខ្លាំងនូវអ្វីដែលសុវណ្ណារីកំពុងធ្វើ។

កញ្ញា សុវណ្ណារី ប្រាប់ថា ខ្លួនមិនដែលគិតថា វាជាបញ្ហាសម្រាប់ស្ត្រីក្នុងការហាត់ប្រដាល់គុនចម្រុះនោះទេ។ គ្រាន់តែពេលមួយ ដែលធ្វើឱ្យកញ្ញាមិនសូវមានទំនុកចិត្តលើខ្លួនឯងក្នុងការបន្តអាជីពនោះ បន្ទាប់ពីចាញ់ការប្រកួតលើកដំបូងរបស់ខ្លួនក្នុងកម្មវិធី ONE Championship នៅប្រទេសម៉ាឡេស៊ី នៅឆ្នាំ២០១៨។ វាជាលើកទីមួយហើយ ដែលខ្លួនត្រូវប្រឈមមុខនឹងការបាក់ទឹកចិត្ត ថប់បារម្ភ និងការភ័យខ្លាច មិនចង់ហាត់បន្តនោះទេ។

កញ្ញា សុវណ្ណារី ប្រាប់បន្តទៀតអំពីការតស៊ូអត់ធ្មត់របស់ខ្លួនថា « ខ្ញុំមិនគិតថា ខ្ញុំក្លាហានគ្រប់គ្រាន់ ឬល្អគ្រប់គ្រាន់ ដើម្បីបន្តការប្រកួតលើកក្រោយៗទៀតនោះទេ។ ក៏ប៉ុន្តែក្រោយមក ចាប់តាំងពីពេលនោះមកខ្ញុំតាំងចិត្តថា ចាញ់បានតែមិនបោះបង់ ត្រូវតែទៅរៀនហាត់បន្ថែមជាច្រើនម៉ោង ហើយខ្ញុំបានព្យាយាមអភិវឌ្ឍជំនាញសមត្ថភាពរបស់ខ្ញុំឱ្យខ្លាំងក្លា ឱ្យបានប៉ិនប្រសប់ និងមានទំនុកចិត្តក្នុងការប្រកួតម្តងទៀតនៅប្រទេសសិង្ហបុរី ហើយជាលទ្ធផលខ្ញុំបានប្រកួតឈ្នះកាលពីចុងខែកុម្ភះ ឆ្នាំ២០២១»។

វិធីសាស្រ្ត និងរបៀបក្នុងការយកឈ្នះក្នុងអំឡុងពេលប្រកួតម្ដងៗ សុវណ្ណារី តែងតែសិក្សាឈ្វេងយល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់គូប្រកួតជាមុនសិន។ ឧទាហរណ៍ថា ប្រសិនគូប្រកួតនោះជាអ្នកប្រដាល់ជើងខ្លាំងខាងទាត់ធាក់ ប៉ុន្តែមិនពូកែខាងចាប់ឃ្លេនោះ ដើម្បីផ្ដួលគូប្រកួត កញ្ញាត្រូវតែធ្វើយ៉ាងឱ្យគូប្រកួតនោះព្យាយាមដោះឃ្លេ ពេលនោះពួកគេនឹងមិនអាចយកឈ្នះបាននោះឡើយ។ ផ្ទុយទៅវិញ ប្រសិនបើពួកគាត់ពូកែ ក្បាច់ជីជិតស៊ូ (Jiujitsu) ខ្លួនតែងតែព្យាយាមរក្សាជំហរដើម្បីប្រយុទ្ធ ហើយប្រឹងប្រែងឱ្យបានឈ្នះដៃគូប្រកួត តាមរយៈជំនាញប្រដាល់របស់ខ្លួនដែលខំហាត់ត្រៀមកន្លងមក។

ម្យ៉ាងវិញទៀត ពេលសុវណ្ណារីនៅជំរុំប្រយុទ្ធ ឬក្លឹបប្រដាល់ យ៉ាងហោចណាស់ខ្លួនត្រូវចំណាយពេលដើម្បីហ្វឹកហាត់ ៣-៥ម៉ោងក្នុងមួយថ្ងៃ ហើយ ៥-៦ថ្ងៃក្នុងមួយអាទិត្យ។ ចំពោះរបបអាហារវិញ ត្រូវជ្រើសរើសអាហារណាដែលផ្ដល់នូវសុខភាពល្អខ្លាំង ដែលមានជាតិប្រូតេអ៊ីន ការ៉ុត និងបន្លែមួយចំនួនដែលមានជាតិស្ករតិចតួចបំផុត។

អត្តពលិកឆ្នើម សុវណ្ណារី និយាយថា « តាំងពីដើមមក ខ្ញុំមានការចាប់អារម្មណ៍ខ្លាំងទៅលើកញ្ញា អ៊ុំ ថារ័ត្ន ដែលជាជាអ្នកប្រយុទ្ធ និងអ្នកសម្ដែងក្បាច់គុនល្បុក្កតោដ៏ល្បីល្បាញមួយរូប ខ្ញុំចាប់អារម្មណ៍ថា គាត់ជាំស្ត្រីខ្មែរម្នាក់ដែលស្រស់ស្អាត ចេះយកចិត្តទុកដាក់ ចិត្តល្អ ហើយក៏រឹងមាំ និងស្វិតស្វាញមែនទែន។ ខ្ញុំចង់លើកទឹកចិត្តស្ត្រី និងកុមារីខ្មែរឱ្យរៀនក្បាច់គុន ដើម្បីការពារខ្លួន ថែមទាំងជាទុនដើម្បីកសាងទំនុកចិត្តលើការរស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេផងដែរ»។

លើសពីនេះទៅទៀត កញ្ញា សុវណ្ណារី និយាយថា កញ្ញាចង់ទំនាក់ទំនងជាមួយអ្វីដែលជារបស់ខ្មែរ ចង់រៀនអំពីវប្បធម៌ និងភាសាខ្មែរ ហើយថ្មីៗនេះកញ្ញាបានរៀនភាសាខ្មែរផងដែរ។ នៅកុមារភាព សុវណ្ណារី បានចំណាយពេលច្រើនជាមួយក្រុមគ្រួសារ ធ្វើម្ហូបខ្មែរហូបជួបជុំគ្នា ហើយអាចនិយាយភាសាខ្មែរបានទៀតផង។ រហូតដល់ធំទៅៗ កញ្ញាក៏ភ្លេចភាសាខ្មែរ ដោយសារមានកិច្ចការច្រើនដែលត្រូវបំពេញហើយមិនសូវមានតម្រូវការប្រើប្រាស់ភាសាខ្មែរនៅសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ សុវណ្ណារី ធ្លាប់បានសិក្សាជាមួយគ្រូជនជាតិម្នាក់រស់នៅខេត្តបាត់ដំបង អស់រយៈពេលមួយឆ្នាំ ហើយកញ្ញាក៏អាចនិយាយភាសាខ្មែរបាន។

កញ្ញា សុវណ្ណារី និយាយថា «ខ្ញុំមិនដឹងច្រើនអំពីស្ត្រីនៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែតាមអ្វីដែលខ្ញុំបានយល់ដឹងជាក់ស្ដែង ខ្ញុំគិតថា វប្បធម៌ ផ្នត់គំនិត និងការគិតទៅលើស្ត្រីនាពេលបច្ចុប្បន្ន អាចមានភាពប្រសើរឡើង ហើយខ្ញុំគិតថា ការបណ្តុះបណ្តាលផ្នែកក្បាច់គុនអាចជួយបាន និងផ្ដល់ល្អមែនទែនសម្រាប់ស្រ្តីដើម្បីឱ្យមានសមភាពយេនឌ័រ បុរសស្រ្តី អាចបំពេញកិច្ចការងារបានស្មើៗគ្នាដែលអាស្រ័យទៅលើសមត្ថភាព មិនមែនដោយសារភេទនោះទេ។

ក្នុងនាមជាកីឡាការិនី និងជាអត្តពលិកឆ្នើមប្រកបដោយភាពឈ្លាសវៃមួយរូប ហើយក៏បានទៅចូលរួមប្រយុទ្ធតំណាងឱ្យកិត្តិយសប្រជាជនកម្ពុជាទាំងអស់ កញ្ញា អែម សុវណ្ណារី ពិតជាមានមោទកភាពខ្លាំងណាស់ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋនៅស្រុកខ្មែរក៏ដូចជាប្រទេសផ្សេងៗទៀត ដែលមានបំណងបង្ហាញទៅដល់អន្តរជាតិនៅទូទាំងពិភពលោកថា ប្រជាជនកម្ពុជាពិតជាមានសមត្ថភាពអាចធ្វើរឿងអស្ចារ្យ និងធ្វើជាគំរូល្អដូចប្រទេសដទៃទៀតបានដូចគ្នា។ តទៅថ្ងៃមុខទៀត អ្វីដែលកញ្ញាបានខិតខំកសាងនូវក្ដីស្រមៃរបស់ខ្លួនឱ្យចេញរូបរាងមកនេះ វាជារឿងមួយដែលធ្វើឱ្យខ្លួនសប្បាយចិត្ត និងពេញចិត្តជាខ្លាំង ក៏ប៉ុន្តែនៅមានរឿងខ្លះបន្ថែមផ្សេងៗទៀត ក៏ត្រូវបន្តកែលម្អ ព្យាយាមអភិវឌ្ឍខ្លួនឱ្យបានល្អប្រសើរជាងមុន ដើម្បីត្រៀមចូលរួមកម្មវិធីប្រកួតប្រជែងនានានៅឆ្នាំក្រោយៗទៀត។

គួររំលឹកផងដែរថា កញ្ញា សុវណ្ណារី សព្វថ្ងៃនេះអាយុ ២៨ឆ្នាំ មានស្រុកកំណើតនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ជាកូនស្រីច្បងក្នុងគ្រួសារ ហើយមានសមាជិកប្អូនប្រុសពីរនាក់ និងប្អូនស្រីម្នាក់។ មូលហេតុដែលខ្លួនជាជនជាតិខ្មែរកាត់អាមេរិក និងបានចាប់កំណើតនៅអាមេរិក គឺដោយសារឪពុកម្ដាយរបស់សុវណ្ណារី បានធ្វើចំណាកស្រុកមករស់នៅអាមេរិកក្នុងទសវត្សទី៧០ បន្ទាប់មកបានភៀសខ្លួនរួចពីសម័យខ្មែរក្រហម។ នៅក្នុងឆ្នាំ២០១០ ដល់២០១២ កញ្ញាធ្លាប់ជានិស្សិតសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយឌីជីថល (Digital Media) នៅជាមហាវិទ្យាល័យ Fashion Institute of Design and Merchandising (FIDM) មានទីតាំងនៅទីក្រុង Los Angeles រដ្ឋ California៕ 

ស្លៀកពាក់ខ្សែក្រវ៉ាត់ពណ៌ស្វាយនៃក្បាច់ជីជិតស៊ូ (Jiujitsu) 
 ONE Championship "Unbreakable 2" កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១ 
កញ្ញា អែម សុវណ្ណារី ទទួលបានជ័យជំនះក្នុងទឹកទី២ នៅក្នុងកម្មវិធីប្រកួត ONE Championship "Unbreakable 2" កាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង