
ភ្នំពេញ៖ ពលករខ្មែរដែលគេចវេះមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវតាមវិធានការសុខាភិបាលនឹងត្រូវផាកពិន័យនិងទទួលទោសព្រហ្មទណ្ឌ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។
យោងតាមសេចក្តីប្រកាស ក្រសួងបានជូនដំណឹងដល់ពលករកម្ពុជាទាំងអស់ថា ដើម្បីថែរក្សាសុវត្ថិភាព សុខភាពសាធារណៈ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ចូលក្នុងសហគមន៍ ជាពិសេសចំពោះសុខភាពរបស់ពលករ និងក្រុមគ្រួសារផ្ទាល់ ពលករទាំងអស់មិនត្រូវលួចឆ្លងដែនខុសច្បាប់ចូលមកប្រទេសកម្ពុជាឡើយ ដែលអាចមានហានិភ័យខ្ពស់ចំពោះអាយុជីវិតផ្ទាល់ខ្លួន និងការនាំជំងឺឆ្លងចូលមកក្នុងប្រទេស។
សេចក្តីប្រកាសបន្ថែមថា ករណីពលករត្រូវចូលមកកម្ពុជា ត្រូវអនុវត្តការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានសុខាភិបាលដោយមិនត្រូវគេចវេះជាដាច់ខាត។ ករណីគេចវេះមិនព្រមធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ នឹងត្រូវទទួលរងការផាកពិន័យចំនួន ១លានរៀល ឬច្រើនជាងនេះ និងទទួលទោសព្រហ្មទណ្ឌដូចមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមាន។
សេចក្តីប្រកាសបន្តថា ពលករទាំងអស់ត្រូវសហការផ្តលើព័ត៌មានដល់ស្ថានទូត ឬអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិត ពាក់ព័ន្ធនឹងមេខ្យល់ដែលសន្យានាំពលករឆ្លងដែនចេញ-ចូលខុសច្បាប់ប្រទេសកម្ពុជា។
បើតាមការថ្លែងក្នុងសារពិសេសរបស់សម្តេច ហ៊ុន សែន នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេច ហ៊ុន សែន ស្នើឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល សហការជាមួយមន្រ្តីក្រសួងយុត្តិធម៌ត្រួតពិនិត្យនិងធ្វើវិសោតកម្មច្បាប់ឡើងវិញ ដោយបង្កើននូវប្រាក់ផាកពិន័យចំពោះអ្នករត់គេចពីការធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូលប្រទេសកម្ពុជា។
សម្តេចបានបន្តថា ការទទួលពិន័យអន្តរកាលនេះ មិនធ្វើឲ្យជនដែលប្រព្រឹត្តបទល្មើសរត់គេចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌដែលមានចែងនៅបទបញ្ញត្តិព្រហ្មទណ្ឌជាធរមាន។ ក្នុងចំណុចនេះគឺត្រូវតែអនុវត្តចំពោះអ្នកទាំងឡាយណាដែលមិនព្រមធ្វើចត្តាឡីស័កដែលក្រសួងសុខាភិបាលបានណែនាំកន្លងទៅ ព្រោះនៅក្នុងអនុក្រឹត្យទាក់ទងទៅនឹងមាត្រាទី៦ ស្តីពីវិធានការអំពីជំពូកទី៣ វិធានការសុខាភិបាលដែលតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕
