ភ្នំពេញ៖សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ៩ កុម្ភៈនេះ បានណែនាំដល់ក្រុមការងារចុះមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវដោះស្រាយភ្លាមៗនូវសំណូមពររបស់ប្រជាពលរដ្ឋ ព្រោះសំណូមពររបស់ប្រជាពលរដ្ឋជាកញ្ចក់ឆ្លុះបញ្ចាំង ពីទិដ្ឋភាពនៃការរស់នៅរបស់ពួកគាត់។ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាប្រធានលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការ នៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយក្រសួងមហាផ្ទៃ។
សម្ដេច ស ខេង បានគូសបញ្ជាក់ថា «មន្ដ្រីចុះមូលដ្ឋានត្រូវផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព ជូនប្រជពលរដ្ឋ និងមន្ដ្រីរាជការនៅថ្នាក់ក្រោម រួចហើយអំពាវនាវឲ្យមានការចូលរួមគាំទ្រ និងអនុវត្តក្នុងគោលនយោបាយ ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព ធ្វើតាមហ្នឹងទៅអត់ខុសទេ ខ្ញុំហ៊ានធានាថា មិនខុស ដោយសារប្រជាជនយើងគាត់ចង់បានអ្វី យើងធ្វើតាមនឹងទៅ»។
សម្ដេចបានលើកឧទាហរណ៍ថា «មានប្រជាជនស្រែកថា មានគ្រឿងញៀន មានចោរប្លន់ មានល្បែងស៊ីសង់ យើងត្រូវចាត់ទុកថា ជាកញ្ចក់បានឆ្លុះឲ្យយើងឃើញ ទ្រឹស្ដីនយោបាយថា មហាជន និងប្រជាជន ជាកញ្ចក់។ ដូច្នេះ ការទាមទារ និងសំណូមពរទាំងឡាយរបស់ប្រជាជនត្រូវចាត់ទុកថា ជាកញ្ចក់ ហើយយើងយកមកឆ្លុះ ដើម្បីបម្រើពួកគាត់វិញ» ។
ជាមួយគ្នានេះសម្ដេចក៏បានបញ្ជាក់ថា ធ្វើអ្វីក៏ដោយឲ្យតែធ្វើតាមការសំណូមពររបស់ ប្រជាពលរដ្ឋ នឹងទទួលបានជោគជ័យ។សម្រាប់សម្តេចប្រសិនបើធ្វើផ្ទុយពីបំណងប្រជាពលរដ្ឋ នឹងមិនបានទទួលជោគជ័យឡើយ ទោះបីមានសមត្ថភាពខ្លាំងប៉ុណ្ណាក៏ដោយ៕