Cctimesw1140xh150cm copy

និស្សិតស៊្រី អៀកទី មានដុងលើសិល្បៈ«ឆ្លាក់អក្សរ»ដើម្បីលើកតម្កើងក្បាច់ខ្មែរ

យុវជន
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
យុវជន ស្រ៊ី អៀកទី និងស្នាដៃឆ្លាក់ (រូបភាព អៀកទី) 

ភ្នំពេញ៖យុវជន ស៊្រី អៀកទី ជានិស្សិតឆ្នាំទី៣ ជំនាញIT លោកមានដុងពីកំណើតខ្លួន គឺការឆ្លាក់អក្សរដែលលាយលំជាមួយក្បាច់ខ្មែរ និងការច្នៃប្រឌិតស្ទីលផ្សេងៗទៀត ទាំងមិនដែលបានរៀនសូត្រពីគ្រូ ឬនៅសាលាត្រឹមត្រូវ។យុវជនរូបនេះ ថ្លែងថា «ការឆ្លាក់អក្សរក្បាច់ខ្មែរ» គឺចង់រំលេច និងលើកតម្កើងក្បាច់ខ្មែរ ពិសេសអក្សរជាតិខ្មែរឱ្យមានការនិយមកាន់តែច្រើនមិនថាក្នុងការសរសេរ ឬប្រើក្នុងសិល្បៈនោះទេ។

ក្នុងបទសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍យុវជន ស៊្រី អៀកទី បានរៀបរាប់ថា តាំងពីតូចមករូបគេចូលចិត្តការគូរ តែមិនទាន់ដឹងថាជាចំណង់ចំណូលចិត្តពិតប្រាកដទេ លុះពេលខ្លួនចូលរៀនសាកលវិទ្យាល័យទៅហើយ រកឃើញថាខ្លួនពិតជាចូលចិត្ត និងស្រលាញ់ការគូរឆ្លាក់អក្សរនេះពិតប្រាកដមែន។ ម្យ៉ាងរូបគេគិតថា ការឆ្លាក់អក្សរជាទម្រង់បែបខ្មែរ និងបូកបញ្ចូលក្បាច់ខ្មែរនេះគឺជាការលើកតម្កើងអក្សរជាតិ និងក្បាច់ខ្មែរទៀតផង។ 

អៀកទី បន្តថាចំពោះការឆ្លាក់គឺលោកចេះឆ្លាក់តាំងពីយូរណាស់មកហើយដោយមិនបានរៀនសូត្រនៅសាលាវិជ្ជាជីវៈណាទេ ពោលគឺឆ្លាក់តាមតែចំណង់ចិត្ត និងការស្រលាញ់មិនចាត់ទុកថាជាអ្នកជំនាញអ្វីទេ។

បើនិយាយពីចំណុចចាប់ផ្តើមនៃការឆ្លាក់របស់លោក លោកត្រូវចំណាយពេលយូរទៅលើការផ្ចង់អារម្មណ៍អាចពី៦ ទៅ១០ម៉ោងក៏មាន ព្រោះដោយសារតែលោកមិនមែនជាអ្នកជំនាញ និងទើបតែចាប់ផ្ដើមដើរលើវិថីនេះទេ។ តែក្រោយមកទៀតលោកក៏ចំណាយពេលត្រឹម១ទៅ៣ម៉ោង អាស្រ័យលើប្រភេទអក្សរដែលភ្ញៀវចង់បាន។

ស្នាដៃដែលអៀកទី បានគូររួច(រូបភាពពីអៀកទី) 

យុវជនរូបនេះបន្តទៀតថា បើវាជាប្រភេទអក្សរក្បាច់ខ្មែរ វាត្រូវចំណាយពេលយូរជាអក្សរប្រភេទធម្មតា ឬ អក្សរបែបក្លាសិក។ ហើយភាគច្រើនការឆ្លាក់អក្សរបែបក្បាច់ខ្មែរនេះ គឺបត់បែនទីតាមតម្រូវការរបស់ភ្ញៀវ ហើយភាគច្រើនជាប្រភេទអក្សរទាំងក្បាច់ខ្មែរ និងអង់គ្លេស។ ជួនកាលទៀត ភ្ញៀវរបស់លោកក៏ត្រូវការគំនូរជាលក្ខណដៃគូរ ឬ couple ផងដែរ។ យ៉ាងណាមិញ រាល់គំនូរទាំងនោះគឺសុទ្ធតែមានបង្កប់លក្ខណៈបែបខ្មែរ។

ត្បិតតែការគូរនេះចំណាយពេលច្រើន តែចំពោះតម្លៃនៃការគូរនេះវិញ គឺលោកមិនសូវបានកម្រៃប៉ុន្មានទេ ជាធម្មតាគឺតម្លៃ១០ដុល្លារ ឬលើសបន្តិចបន្តួច គិតទាំងតម្លៃស៊ុម ពេលខ្លះលោកយកតែថ្លៃស៊ុម ចំណែកពេលខ្លះទៀតគេលោកគូរអោយហ្វ្រីក៏មាន។

បើតាមយុវជន អៀកទី បានឱ្យដឹងទៀតថា ដើម្បីអភិវឌ្ឍន៍ខ្លួនលោក គឺបានពង្រឹងសមត្ថភាពបន្ថែមដូចជា ឆ្លៀតពេលរៀនគូរគំនូរប្រភេទនេះនៅលើក្ដាខៀនឌីជីថលវិលម្ដងដោយប្រើកម្មវិធីIllustrator ដើម្បីរំលេចពីភាពសំបូរបែបនៃសិល្បៈឱ្យមានភាពរស់រវើក។

លោកថា ការគូរលើក្ដារឌីជីថល ដំបូងត្បិតតែពិបាក តែពេលយូរៗទៅក៏ហាក់ទម្លាប់និងរបត់នៃការគូរនេះ ហើយមានភាពងាយស្រួលទៀតផង ព្រោះវាមិនស្មុគស្មាញ និងមានជម្រើសច្រើនក្នុងការលម្អស្នាដៃនីមួយៗ។ ទោះបីជាលោកចាប់ផ្ដើមគូរបែបឌីជីថលមែនពិត តែលោកក៏នៅតែបន្តការគូរលើក្រដាសដដែល ព្រោះវាមានភាពប្លែកនិងស្រស់ស្អាតតាមបែបផែនវារៀងខ្លួន ម្យ៉ាងលោកក៏ចូលចិត្តការគូរលើក្រដាសផងដែរ។

លើសពីនេះទៅទៀត ថ្វីត្បិតតែរូបលោកមិនមានបទពិសោធន៍ជ្រៅជ្រះក្នុងអាជីពជាអ្នកគូរជំនាញពិតមែន តែដើម្បីពង្រឹងសមត្ថភាពបន្ថែមគឺចែករំលែកចំណេះដឹងខ្លះនៃការគូរដំបូងតាមប្រព័ន្ធផ្សព្វផ្សាយផងដែរ ព្រោះថាការចែករំលែកនេះហើយធ្វើឱ្យរូបលោកកាន់តែមើលឃើញខ្លួនឯងកាន់តែច្បាស់ថានៅមានចំណុចខ្លាំងនិងខ្សោយកន្លែងណាខ្លះ។លោកគិតថាការចែករំលែកទៅកាន់អ្នកដទៃ គឺជារឿងល្អព្រោះមិនត្រឹមតែបានចែកចាយគំនិត និងតិចនិចមួយចំនួនទេ ថែមទាំងបានពង្រឹងសមត្ថភាពខ្លួនទៀតផង នេះក៏ជាផ្នែកមួយនៃការអភិវឌ្ឍខ្លួនផងដែរ។

ការឆ្លាក់ឈ្មោះលាយឡំនិងក្បាច់ខ្មែរ 

និស្សិតរូបនេះលើកឡើងទៀតថា រូបលោកអាចគូរ និងច្នៃស្នាដៃទៅតាមតម្រូវការនីមួយៗរបស់ភ្ញៀវ ម្យ៉ាងលោកអាចប្រើប្រាស់ក្បាច់ខ្មែរដើម្បីរំលេចពីរចនាបទ និងភាពទន់ភ្លន់រស់រវើកនៃក្បាច់ខ្មែរក្នុងការគូរ រួមទាំងការប្រើប្រាស់ក្បាច់បែបទំនើបផងដែរ។ ត្បិតតែអាចគូរបានច្រើនស្ទាយ តែរូបលោកនៅតែនិយមនិងចង់ប្រើក្បាច់ខ្មែរជាជាងក្បាច់ទំនើប ព្រោះថាពេលណាដែលបានបញ្ចេញស្នាដៃដោយប្រើក្បាច់ខ្មែរ គឺលោកហាក់រំភើប និងសប្បាយរីករាយជាមួយការងារគូរទាំងនោះ ត្បិតថាវាចំណាយពេលច្រើនម៉ោងមែនពិត តែលោកនៅតែរីករាយនិងការងារនេះ ហើយពេលគូរឈ្មោះ ឬស្នាដៃផ្សេងៗឱ្យគេធ្វើឱ្យលោករីករាយ និងរំភើបផងដែរ ជាមួយក្បាច់និងស្នាដៃដែលបានធ្វើរួច។

ទាក់ទងនិងការចេះគូរនេះទៀតសោត រូបលោកបង្ហើបថាមិនបានលួចទៅរៀននៅសាលាទេ ពោលគឺរូបគេមានដុង និងចិត្តស្រលាញ់ចំពោះសិល្បៈនៃការឆ្លាក់នេះ ដូច្នេះហើយទើបអាចច្នៃប្រឌិត និងគូរបានតាមការស្រលាញ់ និងស្រមើស្រមៃរបស់ខ្លួនទៅ។

ពិតណាស់មិនថាការងារណាទេ តែងត្រូវការការផ្ចិតផ្ចង់ រីឯការឆ្លាក់អក្សរលាយលំនិងក្បាច់នេះក៏មិនខុសគ្នាដែរ គឺទាមទារឱ្យមានការតាំងចិត្ត ផ្ចង់អារម្មណ៍ ភាពអត់ធ្មត់និងបរិយាកាសល្អទើបអាចសម្រេចស្នាដៃបានដោយរលូន និងស្រស់ស្អាត។ លើសពីនេះក៏ត្រូវដឹងពីទម្រង់អក្សរថាគួរដាក់នៅទីតាំងបែបណាសាកសម និងដឹងពីការជ្រើសរើសក្បាច់អក្សរឱ្យស៊ីនិងទម្រង់ដែលចង់បាន ព្រោះថារូបលោកមិនមែនជាអ្នកជំនាញផ្នែកនេះទេ គ្រាន់តែគូរតាមចិត្តស្រលាញ់ដែលមានតែប៉ុណ្ណោះ ដូច្នេះហើយត្រូវទាមទារភាពល្អិតល្អន់ និងយកចិត្តទុកដាក់ខ្ពស់។

លោកក៏បានផ្ដាំផ្ញើទៅដល់អ្នកស្រលាញ់ការគូរបែបនេះដូចលោកថា កុំខ្វាយខ្វល់និងពាក្យអ្នកដទៃ ហើយចៀសវាងការប្រៀបធៀបខ្លួនទៅនិងអ្នកពូកែ ហើយគួរប្រឹងប្រែងឱ្យសកម្មបន្ថែមទៀតដើម្បីអភិវឌ្ឍន៍ស្នាដៃ និងសិក្សាបន្ថែមពីអក្សរជាតិ និងក្បាច់បុរាណខ្មែរដែលមានជាច្រើនទម្រង់រាប់មិនអស់ឱ្យបានច្បាស់។ ព្រោះថានៅពេលដែលមានបាតគ្រឹះទាំងនេះអ្នកគូរក៏អាចច្នៃស្នាដៃខ្លួនបានស្រស់ស្អាត និងរហ័សផងដែរ។

ការសរសេរបែបធម្មតា ជាកំណាព្យ

ត្បិតតែរៀនជំនាញIT តែនិស្សិតរូបនេះនៅតែចិញ្ចឹមចិត្តស្រលាញ់ការគូរឆ្លាក់ឈ្មោះដែលលាយឡំនិងក្បាច់ខ្មែរនេះ ហើយម្យ៉ាងក៏វាទាក់ទងនិងជំនាញដែលរូបគេរៀនសូត្រនៅសាលាផងដែរ ព្រោះក្នុងអាជីពការងារគឺពិតជាត្រូវការការច្នៃប្រឌិត ដូច្នេះពេលលោកយល់ដឹងក្បាច់ខ្មែរនេះលោកអាចប្រើប្រាស់ក្នុងអាជីពការងារបានយ៉ាងងាយស្រួលទៀតផង។

ដោយសារតែខ្លួនកំពុងរៀននៅសាកលវិទ្យាល័យផងនោះ និស្សិតរូបនេះ អាចឆ្លៀតពេលគូរបានអាស្រ័យទៅតាមពេលទំនេរពីការសិក្សា និងការងារចំបាច់មួយចំនួន ពិសេសនិយមគូរនៅពេលមានឱកាសថ្ងៃកំណើតមិត្តភក្ភិជាដើម និងមិនអាចរកចំណូលបានទាំងស្រុងលើការគូរនេះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង