ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៤ ខែកុម្ភៈនេះ បានចេញលិខិតអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ប្រទេសចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់។
យោងតាមលិខិតរបស់ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យប្រើប្រាស់នូវវ៉ាក់សាំង Sinopharm COVID-19 ដែលផលិតដោយវិទ្យាស្ថាន Beijing Institute of Biological Products Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ (Emergency Use Authorization) ដោយអនុវត្តតាមពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាល»។
សូមបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំបូងចំនួន៦០ម៉ឺនដូសដែលជាជំនួយរបស់ប្រទេសចិននឹងដឹកមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ៧ កុម្ភៈនេះ ។ហើយសម្តេច ហ៊ុន សែន កំណត់យកតែម្ដង គឺថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ចំថ្ងៃពុធ មុនចូលឆ្នាំចិន ដើម្បីនឹងធ្វើពិធីចាក់វ៉ាក់សាំងដំបូង។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានថ្លែងជាសារពិសេសនៅថ្ងៃនេះថា វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន នឹងមកដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំទទួលវ៉ាក់សាំងនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕
