Cctimesw1140xh150cm copy

និស្សិត៖រៀនជំនាញ«ចិត្តវិទ្យា»អាចក្លាយជាអ្នកប្រឹក្សាចិត្តសាស្រ្ត និងអ្នកស្រាវជ្រាវ

យុវជន
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ក្នុងចំណោមមុខវិជ្ជាជាច្រើន មុចវិជ្ជាចិត្តវិទ្យាគឺជាជំនាញមួយបែបយ៉ាងពិសេស ដែលសិស្សនិស្សិតមិនគួរមើលរំលង វាមិនត្រឹមតែជាជំនាញទន់សម្រាប់អ្នកសិក្សាទាំងឡាយទេ ថែមទាំងសំខាន់សម្រាប់សង្គមជាតិផងដែរ។ នេះបើតាមការលើកឡើងរបស់និស្សិតដែលរៀនជំនាញចិត្តវិទ្យាផ្ដល់កិច្ចសម្ភាសជាមួយស៊ីស៊ីថាមស៍។

ត្បិតថាមនុស្សភាគច្រើនមិនទាន់មានការយល់ដឹងច្រើនពីនិយ័មន័យនៃចិត្តវិទ្យា ដែលជាហេតុធ្វើឱ្យមានការយល់ច្រឡំថា មុខវិជ្ជាចិត្តវិទ្យាពេលដែលរៀនចប់គឺធ្វើអ្នកព្យាបាលមនុស្សមានសតិមិនល្អ ឬបែបនេះបែបនោះ តាមតែនឹកឃើញ។ តែតាមការពិត ជំនាញចិត្តវិទ្យានេះគឺទូលំទូលាយណាស់ ដែលជំនាញនេះសិក្សាពីបាតុភូតចិត្តមនុស្ស ដូច្នេះសម្រាប់អ្នកដែលសិក្សាជំនាញនេះ គឺអាចស្វែងយល់ចិត្តខ្លួនឯង និងអ្នកដទៃបាន ដែលជាទន់សម្រាប់ដោះស្រាយបញ្ហានានា ដែលកើតមានឡើងក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ នេះបើតាមការយល់ឃើញ របស់ កញ្ញា ឈិន ចាន់ណារី ជានិស្សិតឆ្នាំទី៣ សិក្សាជំនាញចិត្តវិទ្យានៃតេប៉ាតឺម៉ងចិត្តវិទ្យា ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

កញ្ញាបានឱ្យដឹងថា មុខវិទ្យានេះគឺល្អមែនទែន ដោយសារតែជំនាញនេះសិក្សាពីបាតុភូតុផ្លូវចិត្តរបស់មនុស្ស ដូច្នេះអ្នកសិក្សាគាត់អាចស្វែងយល់ពីខ្លួនឯងផង និងពីអ្នកដទៃផង។កញ្ញាបន្តថា សិក្សាជំនាញនេះ រូបគេអាចប្រើប្រាស់មត្ថភាពស្វែងយល់ខ្លះៗពីជំងឺផ្លូវចិត្តនានាដែលសង្គមខ្មែរមិនទាន់បានបើកចំហពេញលេញនៅឡើយក្នុងការនិយាយពីវា និងទទួលសេវាកម្មព្យាបាលទេ។

កញ្ញាបានឱ្យដឹងពីមូលហេតុ ដែលខ្លួនសម្រេចចិត្តរៀនជំនាញនេះដោយសារតែចិត្តស្រលាញ់ និងចាប់អារម្មណ៍ចំពោះមុខវិជ្ជាមួយនេះ ព្រោះកាលពីមុនគិតថារៀននៅសាកលវិទ្យាល័យពេលរៀនចប់នឹងធ្វើគ្រូ តែតាមពិតក្រោយពីបានរៀនសូត្រជំនាញនេះ ទើបរូបគេដឹងថាវាពិតជាមានឱកាសការងារច្រើនមែនទែននៅក្នុងសង្គម។ កញ្ញាថា ក្រោយរៀនចប់អាចក្លាយជាអ្នកប្រឹក្សាចិត្តសាស្រ្តនៅតាមសាលារៀន គ្លីនិក អាចធ្វើជាគ្រូបង្រៀន ជាពិសេសគឺអាចធ្វើជាអ្នកស្រាវជ្រាវ ជាបុគ្គលិកនៅក្នុងអង្គការនានា ឬប្រឡងចូលក្របខណ្ឌក្រសួងកិច្ចការនារី ជាដើម។

កញ្ញាបញ្ជាក់ថា ជំនាញចិត្តវិទ្យាគឺពិតជាត្រូវការចាំបាច់ ក្នុងការប្រើប្រាស់នៅក្នុងសង្គមតាមរយៈការងារគ្រប់វិស័យ សូម្បីតែការរស់នៅប្រចាំថ្ងៃជាដើម ហើយបើនិយាយឱ្យចំគឺមានទីផ្សារការងារច្រើន នេះបើតាមការមើលឃើញជាក់ស្ដែង និងតាមការដឹងពីលោកគ្រូអ្នកគ្រូ និងសិស្សច្បងនានា។

និស្សិតរូបនេះក៏បានបញ្ជាក់ទៀតថា តាមពិតទៅសង្គមខ្មែរច្រើនតែគិតថាជំងឺផ្លូវចិត្តនេះគឺជាជំងឺឆ្កួត ដែលជាហេតុបណ្ដាលឱ្យអ្នកដែលប្រទះនិងជំងឺនេះមិនហ៊ានមកទទួលការព្យាបាលជាមួយអ្នកជំនាញ ម្យ៉ាងការលើកកម្ពស់សុខភាពផ្លូវចិត្តនៅក្នុងបរិបទស្រុកខ្មែរ គឺជាពិតជាសំខាន់ណាស់ ហើយពិតជាត្រូវការការចូលរួមពីគ្រប់មជ្ឈដ្ឋាន។

កញ្ញា ឈិន ចាន់ណារី ជានិស្សិតឆ្នាំទី៣ សិក្សាជំនាញចិត្តវិទ្យានៃតេប៉ាតឺម៉ងចិត្តវិទ្យា ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ចំណែក និស្សិត ឡោ ផាលីន ជានិស្សិតទី៣ សិក្សាជំនាញចិត្តវិទ្យា ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងមិនខុសគ្នានិងនិស្សិតខាងលើទេ។ តាមការលើកឡើងរបស់និស្សិតរូបនេះ យល់ឃើញថា ជំនាញចិត្តវិទ្យាគឺមិនត្រឹមតែផ្ដល់ជាប្រយោជន៍ដល់សង្គមទេ ថែមទាំងផ្ដល់ការគិត ការយល់ឃើញបែបទូលំទូលាយក្នុងការដោះស្រាយបញ្ហាក្នុងគ្រួសារ និងចំពោះខ្លួនឯងផងដែរ។

កញ្ញា ផល្លីនបានប្រាប់ថា ដោយសារតែរូបគេចូលចិត្តលើកទឹកចិត្តអ្នកដទៃ ចង់ជួយដោះស្រាយបញ្ហាដែលអ្នកជុំវិញខ្លួនប្រទះ ហើយណាមួយដោយសារតែចិត្តស្រលាញ់ជំនាញនេះផងនោះ ទើបធ្វើឱ្យរូបគេជ្រើសរើសយកជំនាញនេះតែម្ដង។ ជាងនេះទៅទៀត ជំនាញនេះគឺមានទីផ្សារការងារធំទូលាយ ទាំងក្នុងវិស័យអប់រំ វិស័យសុខាភិបាល និងក្នុងស្ថាប័នដទៃទៀតសុទ្ធតែត្រូវការអ្នកចិត្តវិទ្យាមកធ្វើការជាមួយគ្នា។

កញ្ញាក៏បានលើកឡើងដែរថា បើក្នុងសង្គមមិនមានជំនាញចិត្តវិទ្យា ឬអ្នកចិត្តវិទ្យាទេនឹងជួបបញ្ហាប្រឈមច្រើនក្នុងការទំនាក់ទំនង ការមិនយល់ចិត្តគ្នា ការប្រឈមនិងការរស់នៅប្រចាំថ្ងៃ បញ្ហាផ្លូវចិត្តនឹងកើនឡើង ជាអត្រាអ្នកមានវិបត្តិផ្លូវចិត្តកើនឡើងអាចឈានដល់ការធ្វើអត្តឃាតជាដើម។

និស្សិត ឡោ ផាលីន ជានិស្សិតទី៣ សិក្សាជំនាញចិត្តវិទ្យា 

រីឯ លោក ក្អាត ណាត់ ជានិស្សិតឆ្នាំទី៣ម្នាក់ សិក្សាជំនាញចិត្តវិទ្យា យល់ឃើញថាមុខវិជ្ជាមួយនេះជាមុខវិជ្ជាដ៏ល្អផ្ដោតលើការគិត និងពុទ្ធិផ្សេងៗជាដើម។ មូលហេតុដែលជ្រើសរើសចិត្តវិទ្យា ដោយសារតែស្រលាញ់ពេញចិត្ត និងគិតថាសំខាន់សម្រាប់រូបគេក្នុងការងារប្រចាំថ្ងៃ ពិសេសគឺក្នុងវិស័យអប់រំ។ តួយ៉ាងរូបលោកជាគ្រូបង្រៀនមួយរូបស្រាប់ ដូច្នេះវាពិតជាសំខាន់ក្នុងការបង្រៀនសិស្ស។

លោកបន្តថា ដោយសារតែចំនួនអ្នកសិក្សាជំនាញនេះនៅមានចំនួនតិចតួចនៅឡើយ ស្របពេលដែលតម្រូវការក្នុងសង្គមច្រើន ដូច្នេះទីផ្សារការងារពិតជាត្រូវការចំបាច់ និងទូលំទូលាយមែនទែន ពិសេសគឺសម្រាប់ផ្នែកអប់រំតែម្ដង។

លោក ក្អាត ណាត់ ជានិស្សិតឆ្នាំទី៣ម្នាក់ សិក្សាជំនាញចិត្តវិទ្យា

មិនខុសពីនិស្សិតទាំងបីខាងលើ កញ្ញា ឌី ស្រីមុំ ដែលជានិស្សិតជំនាញចិត្តវិទ្យា ឆ្នាំទី៣ ក៏យល់ឃើញស្រដៀងនិងគ្នាដែរ ដោយកញ្ញាលើកឡើងថា ជំនាញចិត្តវិទ្យាគឺជាការសិក្សាពីបាតុភូតចិត្ត អាកប្បកិរិយា ឥរិយាបទរបស់មនុស្ស ដែលអាចឱ្យយើងដឹងពីលក្ខណៈពិសេសរបស់មនុស្ស ការចុះសម្រុងគ្នាក្នុងមជ្ឈដ្ឋានផ្សេងៗ។

មែនទែនទៅ មានមនុស្សជាច្រើនតែចោទជាសំណួរថា តើរៀបចប់ជំនាញចិត្តវិទ្យាធ្វើអ្វី? តាមពិតអ្នកទាំងនោះបានមើលរំលងថាជំនាញនេះអាចប្រើការក្នុងវិស័យណាខ្លះ? ដូច្នេះតាមការយល់ឃើញរបស់និស្សិតរូបនេះ ជំនាញចិត្តវិទ្យាដូចជាជំនាញទន់មួយដូច្នេះដែរ ពោលអ្នកសិក្សាទំាងឡាយសុទ្ធតែអាចយកមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ មានភាពជាអ្នកដឹកនាំក្នុងខ្លួន មានបំណិនក្នុងការដោះស្រាយបញ្ហា ជំនាញក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញ ដឹងពីរបៀបគ្រប់គ្រងអារម្មណ៍ពេលជួបបញ្ហាជាដើម។

កញ្ញា ឌី ស្រីមុំ ដែលជានិស្សិតជំនាញចិត្តវិទ្យា ឆ្នាំទី៣

និស្សិតរូបនេះលើកឡើងថា បញ្ហាផ្លូវចិត្តពិតជាសំខាន់ បើអ្នកមានសុខភាពផ្លូវកាយល្អតែអ្នកកំពុងតែទូលវិបត្តិផ្លូវចិត្ត នោះការរស់នៅរបស់អ្នកពិតណាស់ថាគ្មានសេចក្ដីសុខទេ។ ដូច្នេះ ការយល់ដឹងពីចិត្តវិទ្យា និងបញ្ហាផ្លូវចិត្ត ពិតជាមានសារៈសំខាន់ដែលគ្រប់គ្នាគួរចាប់អារម្មណ៍ និងឱ្យតម្លៃជំនាញនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង