វ៉ាស៊ីនតោន៖ យោងតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ បានឱ្យដឹងថា ក្រុមហេគឃ័រ (hackers) បានវាយប្រហារលួចចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រដ៏សំខាន់បំផុតរបស់កងទ័ពអាកាសសហរដ្ឋអាម៉េរិក (USAF) ដែលមានឈ្មោះថា Cloud One។ ហេតុការណ៍នេះបានបង្កឱ្យមានក្តីបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពនៃទិន្នន័យរសើបពាក់ព័ន្ធនឹងយុទ្ធវិធី ព័ត៌មានបុគ្គលិក និងប្រព័ន្ធភស្តុភារយោធា ហើយបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការលួចចូលប្រព័ន្ធរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA) ការិយាល័យនាយកស៊ើបការណ៍សម្ងាត់ជាតិ (ODNI) និងស្ថាប័ន FBI។
ប្រភពដែលដឹងពីបញ្ហានេះបានបង្ហើបប្រាប់ Reuters ថា ការជ្រៀតចូលនេះត្រូវបានរកឃើញកាលពីអំឡុងមួយខែមុន ក្នុងពេលកំពុងធ្វើបច្ចុប្បន្នភាពប្រព័ន្ធ ដោយក្រុមហេគឃ័របានឆ្លៀតប្រើប្រាស់ចំណុចខ្សោយនៃកម្មវិធី ដើម្បីចូលទៅក្នុងប្រព័ន្ធបញ្ជា និងបានបង្កការរំខានដល់ប្រតិបត្តិការទូទាំងប្រព័ន្ធ Cloud One។ ប្រព័ន្ធ Cloud One ត្រូវបានបង្កើតឡើងដោយប្រើប្រាស់សេវាកម្មពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួន ៤ គឺ Microsoft, Amazon, Oracle និង Alphabet ដើម្បីគ្រប់គ្រងទិន្នន័យបុគ្គលិក ប្រាក់បៀវត្សរ៍ ការថែទាំ ព្រមទាំងប្រព័ន្ធបញ្ជា និងត្រួតពិនិត្យ (command and control) និងប្រព័ន្ធគ្រប់គ្រងគ្រាប់រំសេវសម្រាប់សមរភូមិ (TICMS) ដែលតាមដានស្តុកគ្រាប់រំសេវនៅតាមទីតាំងជាង ២០០ កន្លែងទូទាំងពិភពលោក។ ប្រភពដដែលបានសង្កត់ធ្ងន់ថា តាមទ្រឹស្តី ក្រុមហេគឃ័រអាចប្រើប្រាស់ចំណុចខ្សោយនេះដើម្បីតាមដានស្ថានភាពប្រតិបត្តិការនៃយន្តហោះយោធា ឬការផ្លាស់ទីគ្រឿងបន្លាស់នានា។
ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ អាជ្ញាធរមិនទាន់អាចកំណត់អត្តសញ្ញាណក្រុមហេគឃ័រ ឬវាយតម្លៃពីវិសាលភាពជាក់លាក់នៃទិន្នន័យដែលត្រូវបានលួចយកទៅនៅឡើយទេ ខណៈកងទ័ពអាកាសអាម៉េរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយលម្អិតលើស្ថានភាពសុវត្ថិភាព ឬចំណុចខ្សោយនៃប្រព័ន្ធរបស់ខ្លួនឡើយ ដោយគ្រាន់តែបញ្ជាក់ថា ក្រសួងតែងតែចាត់វិធានការប្រុងប្រយ័ត្នជាប្រចាំដើម្បីការពារព័ត៌មាន និងសមត្ថភាពបំពេញបេសកកម្ម។
គួររំលឹកថា កាលពីដើមសប្តាហ៍នេះ កាសែត New York Times ក៏បានរាយការណ៍អំពីការលួចចូលឧបករណ៍វិភាគទិន្នន័យបើកចំហរបស់ CIA និង ODNI ផងដែរ ប៉ុន្តែតំណាង ODNI បានអះអាងប្រាប់ Bloomberg ថា ពុំមានការរំខានដល់សមត្ថភាពសំខាន់ៗ ឬប្រព័ន្ធសម្ងាត់នោះទេ៕