អាល្លឺម៉ង់៖ ក្រុមហ៊ុនសូហ្វវែរ (Software) ខ្នាតយក្សរបស់អាល្លឺម៉ង់ SAP កំពុងពិចារណាកាត់បន្ថយបុគ្គលិកយ៉ាងហោចណាស់ ១០.០០០ នាក់ ដែលស្មើនឹងប្រមាណ ៩ ភាគរយនៃបុគ្គលិកសរុបនៅទូទាំងពិភពលោក នៅក្នុងផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញដែលជំរុញ និងប្រើប្រាស់កម្លាំងជំនួសដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Bloomberg និងកាសែត Financial Times ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា។
ប្រភពដែលដឹងពីបញ្ហានេះបានបញ្ជាក់ថា ផែនការនេះនៅមិនទាន់ត្រូវបានពិភាក្សាជាមួយភាគីតំណាងបុគ្គលិកនៅឡើយទេ ហើយតួលេខជាក់ស្តែងអាចនឹងមានការប្រែប្រួលបន្ទាប់ពីមានការចរចា ខណៈក្រុមហ៊ុន SAP ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាមានតម្លៃទីផ្សារខ្ពស់បំផុតនៅអឺរ៉ុប បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញសេចក្តីរាយការណ៍នេះឡើយ។ ប្រសិនបើត្រូវបានអនុវត្ត នេះនឹងក្លាយជាការកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំលើកទីពីររបស់ SAP ក្នុងរយៈពេលប្រហែល ២ ឆ្នាំចុងក្រោយ បន្ទាប់ពីក្រុមហ៊ុនធ្លាប់បានកាត់បន្ថយបុគ្គលិកចំនួន ១០.០០០ នាក់ម្តងរួចមកហើយកាលពីឆ្នាំ ២០២៤ មុននឹងជ្រើសរើសបុគ្គលិកថ្មីបន្ថែមរហូតធ្វើឱ្យចំនួនបុគ្គលិកសរុបកើនឡើងវិញដល់ប្រមាណ ១១៣.០០០ នាក់។
ចំណាត់ការរបស់ SAP បានធ្វើឱ្យក្រុមហ៊ុននេះក្លាយជាសហគ្រាសខ្នាតយក្សអាល្លឺម៉ង់មួយទៀតដែលគ្រោងកាត់បន្ថយកម្លាំងពលកម្ម បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តធំៗដូចជា Volkswagen និង BMW កំពុងប្រឈមនឹងតម្រូវការទីផ្សារធ្លាក់ចុះ និងការប្រកួតប្រជែងខ្លាំងពីប្រទេសចិន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនបច្ចេកវិទ្យាគូប្រជែងនៅសហរដ្ឋអាម៉េរិក រួមមាន Microsoft, Oracle និង Salesforce ក៏បានសម្រេចកាត់បន្ថយបុគ្គលិករាប់ពាន់នាក់ផងដែរនាពេលថ្មីៗនេះ ដើម្បីកាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភាពការងារតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា AI៕