គូឡាឡាំពួរ៖ គណៈកម្មការសម្រុះសម្រួល UNCLOS លើបញ្ហាដែនសមុទ្រកម្ពុជា-ថៃ បានបិទបញ្ចប់កិច្ចប្រជុំលើកទី៣ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយភាគីទាំងពីរបានបង្កើតក្រុមការងារបច្ចេកទេសរួមមួយឈានដល់ការយោគយល់គ្នាលើសំណុំប៉ារ៉ាម៉ែត្រមួយចំនួន សម្រាប់ប្រើប្រាស់ក្នុងការកំណត់ព្រំដែនដែនសមុទ្រ និងគ្រោងចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅតាម កោះ និងលក្ខណៈភូមិសាស្ត្រពាក់ព័ន្ធនៅក្រៅឆ្នេរសមុទ្រនៃប្រទេសកម្ពុជា-ថៃ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍(PCA) ចុះថ្ងៃទី២៧ ខែវិច្ឆិកា លោកស្រី Katrina Cooper ប្រធានគណៈកម្មការសម្រុះសម្រួលUNCLOS បានបង្ហាញការពេញចិត្តចំពោះវឌ្ឍនភាពក្នុងកិច្ចប្រជុំនេះ ដោយបញ្ជាក់ថា ការយោគយល់គ្នាផ្នែកបច្ចេកទេសនឹងជួយឱ្យការចរចាប្រព្រឹត្តទៅដោយប្រសិទ្ធភាព។
ចំណែករដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានថ្លែងថា «កម្ពុជា និងថៃ នឹងនៅតែជាប្រទេសជិតខាងជានិច្ច ហើយកម្ពុជានឹងធ្វើការដោយសុចរិតភាពដើម្បីកសាងទំនុកចិត្តឡើងវិញ និងឈានទៅរកលទ្ធផលដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ និងតំបន់ទាំងមូល»។រីឯរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ក៏បានបញ្ជាក់ដែរថា «ថៃនឹងបន្តចូលរួមយ៉ាងស្ថាបនា និងសង្ឃឹមថាដំណើរការនេះនឹងផ្តល់ផលប្រយោជន៍វិជ្ជមានដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ»។
គួររម្លឹកថា តុលាការមជ្ឈត្តការអចិន្ត្រៃយ៍(PCA) ដើរតួនាទីជាការិយាល័យកត់ត្រា។ កន្លងមក គណៈកម្មការសម្រុះសម្រួលដែលមានសមាជិក ៥ រូប ដឹកនាំដោយលោកស្រី Katrina Cooper បានបើកកិច្ចប្រជុំលើកទី១ នៅប្រទេសសិង្ហបុរី កាលពីខែកញ្ញា និងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ កាលពីខែតុលា ឆ្នាំ២០២៦។បន្ទាប់ពីការចុះពិនិត្យទីតាំងនៅប្រទេសនីមួយៗ ភាគីពាក់ព័ន្ធ និងគណៈកម្មការនឹងបន្តកិច្ចប្រជុំបន្ថែមទៀត ដើម្បីពង្រីកវឌ្ឍនភាពដែលសម្រេចបាន និងស្វែងរកចំណុចរួមរវាងភាគីទាំងពីរ៕