Khmer suport khmer cc time

ផ្ទុះរោងចក្រចម្រាញ់ប្រេងនៅ«បាងកក» របួស ៩នាក់ និង ៣ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

បាងកក៖ មនុស្សយ៉ាងហោចណាស់ ៩ នាក់បានរងរបួស (កើនឡើងពីការប៉ាន់ប្រមាណដំបូង ៤ នាក់) ហើយក្នុងនោះមាន ៣ នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីមានហេតុការណ៍ផ្ទុះ និងអគ្គិភ័យកើតឡើងនៅរោងចក្រចម្រាញ់ប្រេងរបស់ក្រុមហ៊ុនថាមពលយក្ស Bangchak Corporation ក្នុងសង្កាត់ Phra Khanong ភាគខាងកើតរដ្ឋធានីបាងកក ប្រទេសថៃ កាលពីវេលាម៉ោងប្រមាណ ១៤:៤៥ នាទីរសៀលថ្ងៃ ព្រហស្បតិ៍។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP ដែលបានដកស្រង់របាយការណ៍ពីមន្ទីរពេទ្យក្នុងតំបន់ចុងក្រោយចេញផ្សាយនៅថ្ងៃសុក្រនេះ។

បើតាមក្រុមហ៊ុន Bangchak Corporation បានបញ្ជាក់ថា ក្រុមពន្លត់អគ្គិភ័យបានគ្រប់គ្រង និងពន្លត់អណ្តាតភ្លើងបានទាំងស្រុងក្នុងរយៈពេល ៣០ នាទី ហើយបច្ចុប្បន្នកំពុងបើកការស៊ើបអង្កេតដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃការផ្ទុះនេះ។ ក្នុងអំឡុងពេលកើតហេតុ ផ្សែងខ្មៅយ៉ាងក្រាស់បានហុយឡើងលើផ្ទៃមេឃទីក្រុងបាងកក ដែលបង្កឱ្យអាជ្ញាធរមូលដ្ឋានផ្ញើសារជូនដំណឹងបន្ទាន់តាមទូរសព្ទដៃ ណែនាំឱ្យប្រជាពលរដ្ឋជម្លៀសចេញ និងចៀសវាងការធ្វើដំណើរឆ្លងកាត់តំបន់កើតហេតុ។

ក្នុងដំណើរចុះពិនិត្យទីតាំងផ្ទាល់ រដ្ឋមន្ត្រីក្រសួងថាមពលថៃ លោក Akanat Promphan បានឱ្យដឹងថា ផលប៉ះពាល់នៃការផ្ទុះមានកម្រិតកំណត់ ដោយសារអគ្គិភ័យបានឆាបឆេះនៅត្រង់ប៉មចម្រាញ់ប្រេងមួយ ដែលស្ថិតនៅចម្ងាយប្រមាណ ១០០ ម៉ែត្រពីទីតាំងស្តុកប្រេងធំៗ។ លោកថា ដោយសាររោងចក្រនេះស្ថិតនៅក្បែរតំបន់លំនៅឋានប្រជាពលរដ្ឋ រដ្ឋាភិបាលថៃបានសម្រេចផ្អាកសកម្មភាពផលិតកម្មនៅទីតាំងនេះ (ដែលមានសមត្ថភាពចម្រាញ់ប្រេង ១២០.០០០ បារ៉ែលក្នុងមួយថ្ងៃ) ជាបណ្តោះអាសន្ន រហូតទាល់តែមានការត្រួតពិនិត្យ និងធានាសុវត្ថិភាពពេញលេញឡើងវិញ ខណៈក្រុមហ៊ុន Bangchak អះអាងថា គុណភាពខ្យល់នៅជុំវិញតំបន់នោះនៅតែស្ថិតក្នុងកម្រិតធម្មតា។

គួររំលឹកថា ក្រុមហ៊ុន Bangchak ក៏មានរោងចក្រចម្រាញ់ប្រេងទីពីរមួយទៀតនៅក្នុងខេត្ត Chonburi ចម្ងាយប្រមាណ ៨០ គីឡូម៉ែត្រពីទីក្រុងបាងកក ដែលមានសមត្ថភាពចម្រាញ់ប្រេង ១៨០.០០០ បារ៉ែលក្នុងមួយថ្ងៃ ហើយរោងចក្រនៅទីក្រុងបាងកកនេះ ក៏ធ្លាប់កើតមានហេតុការណ៍ផ្ទុះបង្កជាអគ្គិភ័យម្តងរួចមកហើយកាលពីខែកក្កដា ឆ្នាំ ២០១២៕

Khcct banner

អត្ថបទទាក់ទង