Khmer suport khmer cc time

ចិនព្រមានចាត់វិធានការសងសឹក ក្រោយអាម៉េរិកប្រកាសដាក់ពន្ធថ្មីរហូតដល់ ២០ ភាគរយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ប៉េកាំង៖ រដ្ឋាភិបាលចិន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ថា ខ្លួនរក្សាសិទ្ធិក្នុងការចាត់ វិធានការចាំបាច់ នានាដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសដំឡើងពន្ធថ្មីក្នុងអត្រារហូតដល់ ២០ ភាគរយ ព្រមទាំងជំរុញឱ្យសហរដ្ឋអាម៉េរិកវិលត្រឡប់មករកតុចរចាវិញ ដើម្បីចៀសវាងការបំផ្លាញបទឈប់បាញ់ពាណិជ្ជកម្មដ៏ផុយស្រួយរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ។

លោក ហឺ យ៉ាដុង (He Yadong)

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក ហឺ យ៉ាដុង (He Yadong) បានរិះគន់ថា ការលើកយកហេតុផល សមត្ថភាពផលិតលើសកម្រិត មកធ្វើជាលេសដាក់ពន្ធ គឺជាគោលនយោបាយការពារនិយមដែលមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាអតុល្យភាពសេដ្ឋកិច្ចផ្ទៃក្នុងរបស់អាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល ជំរុញឱ្យមានអតិផរណា និងបង្កហានិភ័យរយៈពេលវែងដល់កំណើនសេដ្ឋកិច្ចពិភពលោកទៀតផង។ លោកបានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំងនឹងតាមដានស្ថានការណ៍យ៉ាងដិតដល់ និងអំពាវនាវឱ្យអាម៉េរិកកែតម្រូវទង្វើខុសឆ្គងនេះ តាមរយៈការសន្ទនា និងការពិគ្រោះយោបល់។

តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក លោក Jamieson Greer បានថ្លែងប្រាប់បណ្តាញព័ត៌មាន CNBC ថា ការដាក់ពន្ធ ២០ ភាគរយនេះ គឺស្ថិតនៅក្នុងក្របខ័ណ្ឌនៃការចរចា និងការយល់ដឹងរួមគ្នាដែលមានស្រាប់ជាមួយទីក្រុងប៉េកាំង ដោយលោកបានបញ្ជាក់បន្ថែមថា ទន្ទឹមនឹងការដំឡើងពន្ធនេះ សហរដ្ឋអាម៉េរិកក៏បានផ្តល់ការលើកលែងពន្ធដល់ទំនិញចិនដែលមានតម្លៃប្រមាណ ៣០ ពាន់លានដុល្លារអាម៉េរិក។

គួររម្លឹកថា ភាពតានតឹងពាណិជ្ជកម្មជាថ្មីនេះ កើតឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំកំពូល APEC នៅទីក្រុងសិនជិន ខណៈដែលបទឈប់បាញ់ពាណិជ្ជកម្មដែលមេដឹកនាំទាំងពីរបានសម្រេចកាលពីខែតុលា ឆ្នាំ ២០២៥ (និងត្រូវបានពន្យារពេលកាលពីខែកញ្ញាកន្លងទៅ) គ្រោងនឹងផុតកំណត់នៅខែមករាខាងមុខនេះ៕

Khcct banner

អត្ថបទទាក់ទង