Khmer suport khmer cc time

រុស្ស៊ី ប្រកាសរើសទាហានស៊ីឈ្នួលថ្មីៗឱ្យប្រាក់ខែថ្លៃៗ មានមកពីកម្ពុជា និងជាង ១៥០ ប្រទេសទៀត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អ៊ីរ៉ុប៖ រុស្ស៊ីកំពុងជ្រើសរើសជនបរទេសឱ្យទៅប្រយុទ្ធក្នុងសង្គ្រាមឈ្លានពានរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន តាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មការងារបោកបញ្ឆោត និងការបង្ខិតបង្ខំ។ មកទល់ពេលនេះ ទាហានជ្រើសរើសថ្មីជាង ៤៦,០០០ នាក់ មកពីជាង ១៥០ ប្រទេស រួមទាំងប្រទេសកម្ពុជាផងដែរ ត្រូវបានកំណត់អត្តសញ្ញាណ ហើយយ៉ាងហោចណាស់ ៥,១០០ នាក់ បានបាត់បង់ជីវិត។

យោងតាមការស៊ើបអង្កេតថ្មីមួយដោយស្ថាប័នកិច្ចការបរទេស និងគោលនយោបាយសន្តិសុខនៃសហភាពអឺរ៉ុប (EEAS) និងរបាយការណ៍ពាក់ព័ន្ធនានា បានលាតត្រដាងពីរបៀបដែលរុស្ស៊ីប្រើប្រាស់បណ្តាញឌីជីថល និងអន្តរការីជាសកល ដើម្បីជ្រើសរើសជនបរទេសទៅចូលរួមក្នុងសង្គ្រាមនៅអ៊ុយក្រែន ដោយមនុស្សជាច្រើនត្រូវបានទាក់ទាញដោយប្រាក់ខែខ្ពស់ ឬត្រូវបានបោកបញ្ឆោត និងបង្ខិតបង្ខំឱ្យធ្វើសកម្មភាពយោធា។

ដោយសារកងទ័ពរុស្ស៊ីរងការបាត់បង់ជីវិត និងរបួសប្រមាណ ៣០.០០០ នាក់ក្នុងមួយខែ និងធ្លាប់ប្រឈមនឹងការភៀសខ្លួនចេញពីប្រទេសរបស់ពលរដ្ឋរាប់សែននាក់អំឡុងពេលប្រកាសរៀបចំកងទ័ពដោយផ្នែកកាលពីឆ្នាំ ២០២២ វិមានក្រឹមឡាំងបានពឹងផ្អែកកាន់តែខ្លាំងលើអ្នកស្ម័គ្រចិត្ត អ្នកទោស និងជនបរទេស។ របាយការណ៍បង្ហាញថា គិតត្រឹមចុងឆ្នាំ ២០២៥ មានជនបរទេសជាង ២៨.០០០ នាក់ មកពី ១៣៥ ប្រទេស បានចូលរួមក្នុងជួរកងទ័ពរុស្ស៊ី។ ការស៊ើបអង្កេតរបស់ EEAS បានរកឃើញការផ្សព្វផ្សាយរាប់ពាន់នៅលើបណ្តាញរបស់ក្រុមហ៊ុន Meta, WhatsApp, TikTok, YouTube, Discord និងគេហទំព័រយ៉ាងហោចណាស់ ៣៥ ផ្សេងទៀត ដោយប្រើប្រាស់ភាសារហូតដល់ ៤០ ភាសា ដូចជា អារ៉ាប់ បារាំង អេស្ប៉ាញ ឥណ្ឌូនេស៊ី ថៃ ម៉ាឡេ និងវូឡូហ្វ (Wolof) ព្រមទាំងកំណត់គោលដៅបន្តបន្ទាប់លើទ្វីបអាហ្វ្រិក អាមេរិកឡាទីន និងអាស៊ីអាគ្នេយ៍។

ជនបរទេសជាច្រើនត្រូវបានសន្យាផ្តល់ប្រាក់ខែរហូតដល់ ៣.០០០ ដុល្លារ ឬត្រូវបានបោកបញ្ឆោតថាជាការងារជាងជួសជុលបំពង់ទឹក អ្នកវេចខ្ចប់ទំនិញ អ្នកយាម ឬការងារនៅអឺរ៉ុប។ ជាក់ស្តែង ករណីពលរដ្ឋណេប៉ាល់ឈ្មោះ Nandaram Pun ត្រូវបានសន្យាការងារនៅអាល្លឺម៉ង់តាមរយៈរុស្ស៊ី ប៉ុន្តែបែរជាត្រូវបង្ខំឱ្យទៅប្រយុទ្ធនៅទីក្រុង Bakhmut។ នៅពេលទៅដល់រុស្ស៊ី លិខិតឆ្លងដែនរបស់ពួកគេត្រូវបានដកហូត ហើយពួកគេត្រូវបានបង្ខំឱ្យចុះកិច្ចសន្យាជាភាសារុស្ស៊ីដែលមិនយល់ ព្រមទាំងឆ្លងកាត់ការហ្វឹកហ្វឺនរយៈពេលរហូតដល់ ២ សប្តាហ៍ (ដូចជានៅបណ្ឌិត្យសភា Avangard ជិតទីក្រុងមូស្គូ) មុនបញ្ជូនទៅសមរភូមិ។

បន្ថែមពីនេះការស៊ើបអង្កេតរបស់ INPACT និងប្រភពស៊ើបការណ៍បានបង្ហាញពីការជ្រើសរើសពលរដ្ឋអាហ្វ្រិកយ៉ាងហោចណាស់ ១.៤១៧ នាក់ (រវាងខែមករា ឆ្នាំ ២០២៣ ដល់ខែកញ្ញា ឆ្នាំ ២០២៥) ពលរដ្ឋកេនយ៉ាជាង ១.០០០ នាក់ និងជនជាតិគុយបាពី ១០.០០០ ទៅ ១៥.០០០ នាក់ ហើយកាលពីខែកុម្ភៈ ឆ្នាំ ២០២៦ វិមានក្រឹមឡាំងបានសម្រេចហាមឃាត់ការជ្រើសរើសពលរដ្ឋមកពីប្រទេសចំនួន ៤៣ ដែលរុស្ស៊ីចាត់ទុកជា «ប្រទេសមិត្តភាព» រួមមាន ចិន ឥណ្ឌា ប្រេស៊ីល តួគី គុយបា អ៊ីរ៉ង់ និងវេណេស៊ុយអេឡាជាដើម៕

Khcct banner

អត្ថបទទាក់ទង