ហូជីមិញ៖ គម្រោងសាងសង់ខ្សែកាបអុបទិកក្រោមបាតសមុទ្រ វៀតណាម-ថៃ-សិង្ហបុរី (VTS) ត្រូវបានចុះហត្ថលេខា និងបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងហូជីមិញ ក្រោមការដឹកនាំរបស់ក្រុមហ៊ុនទូរគមនាគមន៍វៀតណាម Viettel និងមានការចូលរួមពីក្រុមហ៊ុន Singtel របស់សិង្ហបុរី ក្រុមហ៊ុន Advanced Info Service (AIS) របស់ថៃ ព្រមទាំងក្រុមហ៊ុន VNPT និង FPT របស់វៀតណាម។
យោងតាមការចេញផ្សាយរបស់កាសែត VN Express ខ្សែកាបប្រវែងសរុប ២,៥០០ គីឡូម៉ែត្រនេះ នឹងតភ្ជាប់ដោយផ្ទាល់ពីទីក្រុងហូជីមិញ ទៅកាន់តំបន់ Changi នៃប្រទេសសិង្ហបុរី និងមានខ្សែបំបែកទៅកាន់ខេត្ត Rayong និងខេត្ត Songkhla ប្រទេសថៃ។ ប្រព័ន្ធខ្សែកាបថ្មីនេះមានសមត្ថភាពបញ្ជូនទិន្នន័យសរុបរហូតដល់ ៦០០ តេរ៉ាប៊ីតក្នុងមួយវិនាទី (Tbps) ដោយក្នុងនោះតំណភ្ជាប់វៀតណាម-សិង្ហបុរីមានសមត្ថភាព ២៤០ Tbps ដែលខ្ពស់ជាងសមត្ថភាពខ្សែកាបវៀតណាមបច្ចុប្បន្នប្រមាណ ២,៥ ដង និងជួយកាត់បន្ថយរយៈពេលបញ្ជូនទិន្នន័យទៅមកឱ្យលឿនជាងមុនពាក់កណ្តាល មកត្រឹម ១២ មិល្លីវិនាទី។
ប្រព័ន្ធខ្សែកាបដែលរចនាឡើងសម្រាប់ប្រើប្រាស់រយៈពេល ២៥ ឆ្នាំនេះ នឹងត្រូវកប់នៅក្រោមបាតសមុទ្រជម្រៅ ៣ ម៉ែត្រតាមបណ្តោយផ្លូវមេ ដើម្បីការពារការដាច់ដោយសារយុថ្កាកប៉ាល់ និងសកម្មភាពនេសាទ ព្រមទាំងបំពាក់បច្ចេកវិទ្យាត្រួតពិនិត្យពីចម្ងាយ និងមនុស្សយន្តក្រោមទឹក។
សារព័ត៌មានវៀតណាមបន្តរាយការណ៍ថា ក្រុមហ៊ុន NEC របស់ជប៉ុន នឹងទទួលបន្ទុកផលិតខ្សែកាប និងឧបករណ៍ក្រោមទឹក ខណៈក្រុមហ៊ុន ASEAN Cableship របស់សិង្ហបុរី នឹងចុះអង្កេតវាស់វែងបាតសមុទ្រ និងដំឡើងប្រព័ន្ធនេះ ដោយរំពឹងថានឹងបញ្ចប់ការត្រួតពិនិត្យ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅចុងឆ្នាំ២០៣០។
នាយកប្រតិបត្តិក្រុមហ៊ុន Viettel លោក Tao Duc Thang បានគូសបញ្ជាក់ថា ការកើនឡើងយ៉ាងគំហុកនៃតម្រូវការបច្ចេកវិទ្យា AI, Cloud និងសេវាកម្មឌីជីថលឆ្លងដែន ទាមទារឱ្យវៀតណាមពង្រឹងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់អន្តរជាតិក្រោមការគ្រប់គ្រងរបស់ខ្លួន ខណៈអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម រំពឹងថាគម្រោងនេះនឹងជួយបង្កើនឯករាជ្យភាពបច្ចេកវិទ្យារបស់វិស្វករវៀតណាម។
គួរបញ្ជាក់ថា បច្ចុប្បន្នវៀតណាមមានខ្សែកាបក្រោមបាតសមុទ្រចំនួន ៦ ខ្សែ និងមានផែនការយុទ្ធសាស្ត្របន្ថែម ៩ ខ្សែទៀតនៅត្រឹមឆ្នាំ២០៣០ ដើម្បីបង្កើនសមត្ថភាពសរុបឱ្យបានយ៉ាងតិច ៣៥០ Tbps៕