ឥណ្ឌា៖ ភ្ញៀវប្រមាណ ៤០០.០០០ នាក់ បានចូលរួមក្នុងពិធីមង្គលការដ៏អធិកអធមមួយដែលរៀបចំឡើងដោយអ្នកនយោបាយម្នាក់នៅក្នុងរដ្ឋប៊ីហារ (Bihar) ដែលជារដ្ឋក្រីក្របំផុតមួយរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៦។ ព្រឹត្តិការណ៍ដ៏ធំសម្បើមនេះ បានបង្កឱ្យមានការកកស្ទះផ្លូវថ្នល់ទាំងស្រុង ខណៈអ្នកទស្សនាជាច្រើននាក់បានប្រថុយគ្រោះថ្នាក់ឡើងទៅលើមែកឈើ និងបង្គោលភ្លើងអគ្គិសនី ដើម្បីទស្សនាទិដ្ឋភាពនៃពិធី។
ពិធីមង្គលការកូនស្រីនេះ ត្រូវបានរៀបចំឡើងនៅក្នុងភូមិកំណើត Nadawan ដោយលោក Anant Singh ដែលជាសមាជិកសភាចំនួន ៦ អាណត្តិ និងជាបុគ្គលដែលកំពុងប្រឈមមុខនឹងសំណុំរឿងព្រហ្មទណ្ឌជាច្រើន រួមទាំងការចោទប្រកាន់ពីបទឃាតកម្មផងដែរ។ យោងតាមមនុស្សជំនិតរបស់លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ក្រុមចុងភៅចំនួន ៥០០ នាក់ ត្រូវបានជួលមករៀបចំអាហារបួសជាច្រើនមុខ និងបង្អែមប្រពៃណីចំនួន ៥០០.០០០ ដុំ ដើម្បីទទួលស្វាគមន៍អ្នកភូមិ សម្ព័ន្ធមិត្តនយោបាយ និងភ្ញៀវកិត្តិយស។ លើសពីនេះ ផ្កាតុបតែងលម្អយ៉ាងប្រណិតត្រូវបាននាំចូលពីប្រទេសចិន រួមជាមួយនឹងការបាញ់កាំជ្រួចអបអរសាទរ ខណៈកូនក្រមុំបានធ្វើដំណើរមកដល់ដោយរថយន្តទំនើបម៉ាក BMW និងកូនកំលោះអមដំណើរដោយក្បួនរថយន្តប្រមាណ ២០០ គ្រឿង។
ដោយសារចំនួនមនុស្សចូលរួមច្រើនហួសប្រមាណ ផ្លូវថ្នល់ឆ្ពោះទៅកាន់ទីតាំងពិធីត្រូវបានជាប់គាំងទាំងស្រុង រហូតធ្វើឱ្យអ្នកនយោបាយម្នាក់សម្រេចចិត្តទុករថយន្តចោល ហើយជិះត្រាក់ទ័រឆ្លងកាត់វាលស្រែដើម្បីទៅចូលរួមពិធី នេះបើតាមការរាយការណ៍របស់កាសែត Times of India។ ទន្ទឹមនឹងនេះ អ្នករៀបចំកម្មវិធីបានសាងសង់ទីលានចុះចតឧទ្ធម្ភាគចក្រចំនួន ៥ កន្លែងសម្រាប់ដឹកជញ្ជូនភ្ញៀវកិត្តិយស ហើយថែមទាំងត្រូវបង្ខំចិត្តពន្យារពេលកម្មវិធីប្រណាំងសេះ (ដែលមានសេះចូលរួម ២០០ ក្បាល) បន្ទាប់ពីមានមហាជនប្រមាណ ១០០.០០០ នាក់បានសម្រុកទៅប្រមូលផ្តុំគ្នារង់ចាំទស្សនា៕