ក្រុងឡុងដ៍៖ កងកម្លាំងប្រដាប់អាវុធចក្រភពអង់គ្លេស បានចាប់ផ្តើមទាក់ទងទៅកាន់អតីតយុទ្ធជនប្រមាណ ១០០.០០០ នាក់ ដែលស្ថិតនៅក្នុងកងកម្លាំងបម្រុងយុទ្ធសាស្ត្រ ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួន និងជំនាញថ្មីៗ ក្នុងគោលបំណងពង្រឹងការត្រៀមខ្លួននានា ចំពេលមាន ការគំរាមកំហែងកើនឡើងនៅអឺរ៉ុបកាន់តែខ្លាំងក្លាជាងមុន ដែលនេះគឺជាវិធានការបង្ការលើកដំបូងបំផុតក្នុងទ្រង់ទ្រាយធំបែបនេះ គិតចាប់តាំងពីសម័យសង្គ្រាមត្រជាក់មក ចំពេលដែលអឺរ៉ុបកំពុងប្រឈមនឹងក្តីបារម្ភកាន់តែខ្លាំងឡើងចំពោះការឈ្លានពានរបស់រុស្ស៊ី។
រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Wes Streeting បានថ្លែងប្រាប់បណ្តាញព័ត៌មាន Sky News កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ថា ពិភពលោក និងបណ្តាប្រទេសសមាជិកអង្គការណាតូ (NATO) កំពុងស្ថិតនៅក្នុងបរិយាកាសដែលមានការគំរាមកំហែងកើនឡើង ដូច្នេះការបង្កើនកម្រិតនៃការត្រៀមខ្លួននេះ គឺជាវិធានការបង្ការដ៏សមស្រប និងចាំបាច់។ ក្រសួងការពារជាតិអង់គ្លេសបានបញ្ជាក់ថា យោងតាមលក្ខខណ្ឌនៃការបម្រើការងារ អតីតយោធិនមកពីកងទ័ពជើងគោក ជើងទឹក និងជើងអាកាសមួយចំនួន អាចនឹងត្រូវកោះហៅឱ្យត្រឡប់មកបម្រើការងារយោធាវិញក្នុងកាលៈទេសៈពិសេស ដូចជាក្នុងគ្រាអាសន្នជាតិ ឬស្ថានភាពដែលឈានទៅរកសង្គ្រាម ហើយពួកគេក៏អាចស្ម័គ្រចិត្តចូលរួមក្នុងសមយុទ្ធយោធាសំខាន់ៗ ដូចជាសមយុទ្ធ Steadfast Defender របស់អង្គការណាតូ នៅនិទាឃរដូវឆ្នាំ ២០២៧ ខាងមុខ។
លោក Streeting និងរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន លោក Calvin Bailey បានអំពាវនាវកុំឱ្យសាធារណជនមានការភ័យស្លន់ស្លោ ដោយសង្កត់ធ្ងន់ថា ការផ្ញើលិខិតទាក់ទងទាំងនេះមិនមែនជាការកោះហៅកងកម្លាំងបម្រុងឱ្យចូលរួមក្នុងប្រតិបត្តិការយោធាភ្លាមៗនោះទេ ប៉ុន្តែគ្រាន់តែជាការរៀបចំទិន្នន័យរដ្ឋបាលឱ្យមានភាពសុក្រឹត និងទាន់សម័យប៉ុណ្ណោះ បន្ទាប់ពីកងទ័ពអង់គ្លេស និងបារាំងរាប់ពាន់នាក់ទើបតែបានធ្វើសមយុទ្ធរួមគ្នាកាលពីខែតុលា ដើម្បីការពារសម្ព័ន្ធមិត្តណាតូប្រឆាំងនឹងការវាយប្រហារក្នុងសម័យទំនើប៕