ភ្នំពេញ៖ កម្ពុជា-ជប៉ុន បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើកការគ្រប់គ្រងសំណល់ប្លាស្ទិក ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងយន្តការឥណទានកាបូនរួមគ្នា។ ជំនួបនេះ ធ្វើឡើងបន្ទាប់ពីលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយ លោក ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
លោក អ៊ាង សុផល្លែត បានលើកឡើងពីទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ដែលបាននិងកំពុងពង្រឹង កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាពិសេសលើចំណុចអាទិភាពសំខាន់ៗ រួមមាន ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលបានកំពុងជំរុញការផ្លាស់ប្តូរពីសកម្មភាព ទៅជាចលនារួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកការប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក នៅតាមមូលដ្ឋាន ការជំរុញការប្រើប្រាស់បច្ចេកវិទ្យា ទប់ស្កាត់ការបំពុលលទឹក ដើម្បីលើកកម្ពស់ភាពស្អាត និងអនាម័យបរិស្ថាននៅកម្ពុជា។ លើសពីនេះកិច្ចសហប្រតិបត្តិការកម្ពុជា និងជប៉ុន បានគាំទ្រដល់ការអភិរក្សជីវៈចម្រុះ ការជំរុញការវិនិយោគបៃតង និងរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
ទន្ទឹមនឹងនេះ លោកឯកអគ្គរាជទូត ISHIZUKI Hideo បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងបរិស្ថានក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ ជាពិសេសការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ លោកបានបញ្ជាក់ជាថ្មី នូវជំហររបស់រាជរដ្ឋាភិបាលជប៉ុន ក្នុងការបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យបរិស្ថានជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំ និងទទួលបានផ្លែផ្កាបន្ថែមទៀត នាពេលអនាគត៕