Khmer suport khmer cc time

អាជ្ញាធរបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប ដោយឃាត់ និងដកហូតទូក «អូសលៀស» ខុសច្បាប់ចំនួន២០ទូក

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កំពង់ឆ្នាំង៖ កងកម្លាំងចម្រុះ និងមន្រ្តីជំនាញ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចុះបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប ដោយឃាត់ទូកអូសលៀសចំនួន ២០ទូក ដែលបានធ្វើសកម្មភាពអូសលៀស ដោយប្រើប្រាស់ម៉ាស៊ីនជ្រៀងកែច្នៃខុសច្បាប់ និងធ្វើសកម្មភាពនេសាទនៅក្រៅតំបន់ដែលបានអនុញ្ញាត។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងដោយមានកិច្ចសហការរវាងកម្លាំងយោធភូមិភាគទី៥ កម្លាំងការិយាល័យទី២ កងទ័ពជើងគោក កម្លាំងកងពលតូចថ្មើរជើងលេខ៥១ កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកម្លាំងវរសេនាតូចកាំភ្លើងធំ យោធភូមិភាគទី៥ ចំនួន១៨នាក់ បន្តប្រតិបត្តិការណ៍ចុះល្បាត ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់លើផ្ទៃបឹងទន្លេសាប។

ទន្ទឹមនឹងនោះ កងកម្លាំងចម្រុះបានធ្វើការអប់រំណែនាំដល់ប្រជានេសាទឱ្យយល់ដឹងអំពីការអនុវត្តច្បាប់ស្តីពីជលផល និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេសាទដោយខុសច្បាប់ ព្រមទាំងដកហូតទូកអូសលៀសចំនួន ២០ទូក យកមករក្សាទុកជាបណ្តោះអាសន្ន នៅទីស្នាក់ការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។

សូមជម្រាបថា ការប្រើប្រាស់ឧបករណ៍អូសលៀសខុសច្បាប់ ជាពិសេសឧបករណ៍ដែលបំពាក់ដោយម៉ាស៊ីនកែច្នៃ អាចបង្កផលប៉ះពាល់ដល់ស្រទាប់បាតបឹង ជម្រកសត្វទឹក ធនធានមច្ឆជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប៕

Khcct banner

អត្ថបទទាក់ទង