Khmer suport khmer cc time

អង្គការសំអាតទន្លេ សមុទ្រ គាំទ្របន្តជំនឿ«បណ្តែតប្រទីប» តែសុំឱ្យប្រទីបធ្វើពី សម្ភារៈធម្មជាតិ ជំនួសប្លាស្ទិក និងស្នោ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ អង្គការសំអាតទន្លេ សមុទ្រ ដែលចូលរួមសម្អាតសំរាមនាឱកាសបុណ្យអុំទូក បានបង្ហាញនូវការបន្តគាំទ្រចំពោះជំនឿ«បណ្តែតប្រទីប» ដែលជាប្រពៃណី និងវប្បធម៌ខ្មែរ ប៉ុន្តែអំពាវនាវឱ្យមានការផ្លាស់ប្តូរ ដើម្បីរួមចំណែកការពារបរិស្ថាន តាមរយៈប្រើប្រាស់ស្លឹកចេក ដើមចេក ផ្កា និងសម្ភារៈធម្មជាតិដែលងាយរលួយ ជំនួសប្លាស្ទិក និងស្នោ។

នាថ្ងៃទី២៦ វិច្ឆិកា បន្ទាប់ពីបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្រុមការងារអង្គការសំអាតទន្លេ សមុទ្រ បានចូលរួមសម្អាតសំរាម ហើយបានប្រទះឃើញប្រទីប និងសំណល់ជាច្រើន រួមទាំងប្លាស្ទិក និងស្នោ ដែលអណ្ដែតកកកុញតាមមាត់ទន្លេ និងផ្ទៃទឹកមុខវាំង មាត់ទន្លេ។

ក្នុងខ្លឹមសាររបស់អង្គការសំអាតទន្លេ សមុទ្រ បានលើកឡើងថា «យើងខ្ញុំគោរពយ៉ាងជ្រាលជ្រៅចំពោះប្រពៃណី និងវប្បធម៌ខ្មែរ ហើយមិនស្នើឱ្យបញ្ឈប់ការធ្វើប្រទីបនោះទេ ប៉ុន្តែសូមអំពាវនាវឱ្យមានការផ្លាស់ប្តូរតូចមួយ ដើម្បីរួមចំណែកការពារបរិស្ថាន៖សូមប្រើប្រាស់ស្លឹកចេក ដើមចេក ផ្កា និងសម្ភារៈធម្មជាតិដែលងាយរលួយ ជំនួសប្លាស្ទិក និងស្នោ។ ការចូលរួមនេះនឹងជួយកាត់បន្ថយការបំពុល ការពារជីវចម្រុះក្នុងទឹក រក្សាគុណភាពទឹក និងសម្រស់ទីក្រុងរបស់យើង»។

ប្រភពដដែលបានបន្តថា «សូមចងចាំថា ទន្លេមេគង្គមិនត្រឹមតែជា ផ្លូវទឹក ផ្តល់សោភណ្ឌភាពដល់ទីក្រុងរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែជាប្រភពទឹក អាហារ ជីវភាព និងជម្រករបស់ជីវចម្រុះជាច្រើន។ យើងចង់ឃើញប្រទីបដ៏ស្រស់ស្អាតអណ្ដែតលើផ្ទៃទឹកស្អាត មិនមែនសំណល់ប្លាស្ទិក និងស្នោពាសពេញទន្លេនោះទេ!»៕

Khcct banner

អត្ថបទទាក់ទង