ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសធានាថា គុណភាពទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជា ស្ថិតក្នុងកម្រិត «ល្អ» ទៅ «ល្អបង្គួរ» សម្រាប់ការពារសុខភាពមនុស្ស និងវារីសត្វ។ការប្រកាសនេះ ធ្វើឡើងក្រោយពីមានការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានតាមរយៈបណ្តាញសង្គម អំពីបញ្ហាសារធាតុអាសេនិច (Arsenic) នៅក្នុងប្រទេសថៃ និងផលប៉ះពាល់មកលើទន្លេមេគង្គ។
យោងតាមសេចក្តីជូនដំណឹង ពីក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បានគូសបញ្ជាក់ថា គណៈកម្មការទន្លេមេគង្គ ក្នុងប្រទេសជាសមាជិក (កម្ពុជា ឡាវ ថៃ និងវៀតណាម) សរុបចំនួន ៤៨ ទីតាំង នៅលើទន្លេមេ និងដៃទន្លេមេគង្គ ការយកសំណាកត្រូវបានធ្វើឡើង ជារៀងរាល់ខែ។ ក្នុងនោះ កម្ពុជាមាន ១១ ទីតាំង គឺនៅស្ទឹងត្រែង ភូមិភិ សៀមប៉ាង ក្រចេះ ជ្រោយចង្វារ កំពង់លួង ភ្នំក្រោម តាខ្មៅ ព្រែកក្តាម ក្អមសំណរ និងកោះធំ (ដូចមានក្នុងផែនទីជូនភ្ជាប់) ដែលយកសំណាក និងវិភាគដោយ នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ។ លទ្ធផលតាមដានរហូតមកដល់បច្ចុប្បន្ន ស្ថិតក្នុងកម្រិត «ល្អ» ទៅ «ល្អបង្គួរ» សម្រាប់ការពារសុខភាពមនុស្ស និងវារីសត្វ។
បើតាមសេចក្តីជូនដំណឹង គណៈកម្មការទន្លេមេគង្គ បានយកសំណាកទឹកបន្ថែមសម្រាប់វិភាគសារធាតុអាសេនិច នៅទីតាំងចំនួន ២ លើដងទន្លេមេគង្គ គឺនៅខេត្តបរកែវ (ផ្នែកខាងលើចំណុចប្រសព្វទន្លេកុក ទន្លេសៃ និងទន្លេមេគង្គ) និងខេត្តហ្លួង ប្រាបាង (ផ្នែកខាងក្រោមចំណុចប្រសព្វទន្លេមេគង្គ)។ លទ្ធផលវិភាគពីខែមេសា ដល់ខែវិច្ឆិកា ឆ្នាំ២០២៦ បង្ហាញ ថា កម្រិតអាសេនិចនៅខេត្តបរកែវ (មធ្យម 0.0019 mg/L) និងខេត្តហ្លួងប្រាបាង (មធ្យម 0.0012 mg/L) ស្ថិត ក្រោមកម្រិតស្តង់ដារ (0.01 mg/L) ដោយមិនបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស និងវារីសត្វឡើយ។
ដោយឡែក លទ្ធផលវិភាគកម្រិតអាសេនិចនៅទន្លេមេគង្គកម្ពុជា ត្រង់ខេត្តស្ទឹងត្រែង (ទីតាំងទីមួយពីពំ ដែនកម្ពុជា-ឡាវ) ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ បង្ហាញថា មានកម្រិត 0.005 mg/L ស្ថិតក្រោមកម្រិតស្តង់ដារ (0.01 mg/L) ដោយមិនបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស និងវារីសត្វឡើយ។
តែយ៉ាងណាក្រសួងធនធានទឹក កំពុងសហការយ៉ាងជិតស្និទ្ធ ជាមួយលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ដើម្បីបន្តតាមដានផលប៉ះពាល់ឆ្លងដែនដែលអាចកើតមានលើ គុណភាពទឹកទន្លេមេគង្គនៅកម្ពុជា ហើយនឹងបន្តជូនដំណឹងបន្ថែម ក្នុងករណីចាំបាច់៕