ភ្នំពេញ៖ ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មក្រៅប្រទេស (OCIU) ប្រចាំនៅស្ថានទូតអាម៉េរិកនៅភ្នំពេញ បានចូលរួមជាមួយសេវាស៊ើបអង្កេតឧក្រិដ្ឋកម្មកងទ័ពជើងទឹកអាម៉េរិក (NCIS) ក្នុងជំនួបជាមួយមន្ត្រីនៅមណ្ឌលអប់រំកែប្រែទី១ ដែលជាមណ្ឌលអប់រំកែប្រែធំបំផុតនៅកម្ពុជា។
ក្រុមការងារបានធ្វើបទបង្ហាញអំពីសំណើភាពជាដៃគូ ដើម្បីជួយដល់សមត្ថកិច្ចកម្ពុជាក្នុងការធ្វើទំនើបកម្មកំណត់ត្រាកាតស្នាមម្រាមដៃដែលមានស្រាប់ តាមរយៈការធ្វើឌីជីថល និងការប្រមូលទិន្នន័យស្នាមម្រាមដៃជាទម្រង់ឌីជីថល។ អ្នកជំនាញបច្ចេកទេសរបស់ NCIS បានធ្វើបទបង្ហាញអំពីប្រព័ន្ធស្កេនកាតស្នាមម្រាមដៃ និងឧបករណ៍ស្កេនចល័តប្រើដោយដៃ ដែលអាចកត់ត្រាស្នាមម្រាមដៃ និងរូបថតពេលចុះបញ្ជីអ្នកជាប់ឃុំ ព្រមទាំងទទួលបានលទ្ធផលស្វែងរកអត្តសញ្ញាណតាមទិន្នន័យជីវមាត្រភ្លាមៗ។
បើតាមស្ថានទូតអាម៉េរិក បានអះអាងថា ឧបករណ៍ជីវមាត្រទំនើបជួយដល់សមត្ថកិច្ចក្នុងការកំណត់អត្តសញ្ញាណជនសង្ស័យ ដោះស្រាយបទល្មើស និងការពារសហគមន៍ទាំងនៅកម្ពុជា និងសហរដ្ឋអាមេរិក។ ស្ថានទូតសហរដ្ឋអាមេរិកសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំមណ្ឌលអប់រំកែប្រែទី១ ដែលបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចនេះ និងចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូ៕