Khmer suport khmer cc time

កងទ័ពកម្ពុជានិងចិនប្រកាសថាការធ្វើ«សមយុទ្ធ»រួមគ្នាមិនមានបំណង គំរាមកំហែងលើប្រទេសណាមួយនោះទេ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ កងទ័ពកម្ពុជានិងចិន បានប្រកាសពីជំហររួមគ្នាក្នុងន័យការពារខ្លួនថា ការធ្វើសមយុទ្ធទ្រង់ទ្រាយធំរួមគ្នានៅឆ្នាំ២០២៦នេះ មិនមានបំណងគំរាមកំហែង ឬធ្វើឱ្យប៉ះពាល់ដល់ប្រទេសណាមួយឡើយ។ការប្រកាសនេះ ធ្វើឡើងនៅពេលកងទ័ពកម្ពុជា និងចិន ប្រមាណជិត៣ពាន់នាក់ នៅថ្ងៃទី ២៥ វិច្ឆិកានេះ បានបើកធ្វើ «សមយុទ្ធ» ទ្រង់ទ្រាយធំរួមគ្នា ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃនេះ។ 

ក្នុងសមយុទ្ធ «នាគមាសឆ្នាំ២០២៦»នេះ មានកងទ័ពកម្ពុជាប្រមាណ ១៦២៦នាក់ និងកងទ័ពចិនប្រមាណ ១៣១៤នាក់ នឹងសមយុទ្ធរួមគ្នា ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្ម និងចោរ​សមុទ្រ​រួមគ្នា និងការងារមនុស្សធម៌» លើទីតាំងសំខាន់ៗចំនួន៣ក្នុងប្រទេសកម្ពុជាក្នុងនោះមានជាអាទិ៍៖ នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ នៅវិទ្យាស្ថាននាយទាហានចម្រុះ ខេត្តកំពង់ស្ពឺ និង នៅសាលាហ្វឹកហ្វឺនតេជោសែនជុំគិរី ខេត្តកំពត។

ក្នុងអំឡុងពេលនៃការធ្វើសមយុទ្ធ និងមានប្រើប្រាស់គ្រាប់ពិត គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ បច្ចេកវិទ្យាទំនើប និងការងារមនុស្សធម៌ និងការសង្គ្រោះ និងមានការប្រើប្រាស់ នាវាចម្បាំង យន្តហោះ ដ្រូន រថក្រោះប្រយុទ្ធធុនធ្ងន់ រថពាសដែក និងរថយន្តយោធាជាដើម។

តំណាងកងទ័ពចិន លោក លីវ ស៊ូមីន (Liu Sumin) បានថ្លែងការពារថា សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិននេះ ធ្វើ​ឡើងដើម្បីដកបទពិសោធន៍ពីគ្នាទៅវិញទៅមក ពង្រឹងសន្តិសុខ ទប់ស្កាត់អំពើភេរវកម្ម ហើយមិនមានបំណងគំរាមកំហែង ឬធ្វើឱ្យប៉ះពាល់ដល់ប្រទេសណាមួយឡើយ។

ចំណែកលោក ទៀ សីហា រដ្ឋមន្ត្រីក្រសួង​ការពារជាតិកម្ពុជា បានថ្លែងចាត់ទុកសមយុទ្ធ «នាគមាសឆ្នាំ២០២៦»នេះ គឺមានសារសំខាន់ ចំពេលពិភពលោកកំពុងមានបញ្ហាប្រឈមជាច្រើន ហើយសមយុទ្ធនេះ ធ្វើឡើងតាមច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា មានតម្លាភាព និងមិនមានបំណងគំរាមកំហែងដល់ប្រទេសណាមួយនោះទេ។

ក្រៅពីធ្វើសមយុទ្ធជាមួយចិន នៅឆ្នាំ២០២៧ កម្ពុជាត្រៀមរៀបចំធ្វើ«សមយុទ្ធឆ្មាំអង្គរ»ជាមួយអាម៉េរិក និងជាមួយ ជប៉ុន កូរ៉េខាងត្បូង និង UN រួមជាមួយប្រទេសក្នុងតំបន់អាស៊ានទៀត។ នេះបើយោងតាមប្រសាសន៍សម្តេច ហ៊ុន ម៉ាណេត ថ្លែងក្នុងពិធីរម្លឹកខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ៕

Khcct banner

អត្ថបទទាក់ទង