ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានចេញការតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមរយៈការរៀបចំដំណើរទស្សនកិច្ចចូលជ្រៅក្នុងទឹកដីកម្ពុជាដោយគ្មានការអនុញ្ញាតនៅតំបន់អានសេះ និងឈូសឆាយសាងសង់ផ្លូវ នៅតំបន់បឹងត្រកួន។កម្ពុជាចាត់ទុកសកម្មភាពនេះ គឺជាការប៉ុនប៉ងមួយទៀតដើម្បីបង្ហាញការទាមទារមិនស្របច្បាប់លើដែនដីអធិបតេយ្យកម្ពុជា ដែលបានកាន់កាប់ដោយខុសច្បាប់ ដោយកងកម្លាំងប្រដាប់អាវុធថៃ បន្ទាប់ពីបទឈប់បាញ់កាលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ប្រាផាស សនចៃឌី នៃប្រទេសថៃ បានដឹកនាំគណៈប្រតិភូមន្ត្រីអន្តរស្ថាប័ន និងអ្នកសារព័ត៌មានថៃ ទៅកាន់ទីតាំងជាច្រើនក្នុងតំបន់អានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួមទាំងសំណង់អគារស៊ីវិលកម្ពុជាចំនួនពីរ ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ ក៏បានសាងសង់លេណដ្ឋានយោធារឹង មាំបន្ថែមមួយទៀត នៅតំបន់បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយនៅថ្ងៃបន្ទាប់ គឺថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានប្រើគ្រឿងចក្រធ្ងន់ឈូសឆាយសាងសង់ផ្លូវ និងបានដឹកជញ្ជូនសសរបេតុង ទៅកាន់ទីតាំងស្ថិតនៅក្នុងតំបន់ខាងលើនេះ។
ក្រសួងការបរទេសកម្ពុជា បានតវ៉ាយ៉ាងខ្លាំងក្លាប្រឆាំងសកម្មភាពទាំងនេះ ដែលជាការបំពានយ៉ាងច្បាស់លើ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមាដោយផែនទីមាត្រដ្ឋាន ១:២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧។»
ក្រសួងការបរទេស សង្កត់ធ្ងន់ដូច្នេះ ដោយបញ្ជាក់ទៀតថា សកម្មភាពខាងលើ ក៏រំលោភបំពានលើមាត្រា ៥ នៃអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ស្តីពីការវាស់វែង និងឧណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ និងចំណុច I (វិធានការបន្តរភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។
ជាថ្មីម្តងទៀត រាជរដ្ឋាភិបាលកម្ពុជា មិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬ ការទាមទារទឹកដី ជាឯកតោភាគីដោយប្រទេសថៃនោះឡើយ ហើយសកម្មភាពខាងលើ នឹងមិនប៉ះពាល់ដល់ សិទ្ធិស្របច្បាប់ ឬជំហររបស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។កម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់រាល់សកម្មភាពខុសច្បាប់ទាំងនេះ បញ្ឈប់សកម្មភាពជាឯកតោភាគី ហើយត្រូវធ្វើការដើម្បីបន្ធូរភាពតានតឹង បង្កើតទំនុកចិត្តគ្នាទៅវិញទៅមក រក្សាសន្តិភាព និង ភាពជាអ្នកជិតខាងល្អ តាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ៕