(ព្រុចសែល,បែលហ្ស៊ិក)៖ កម្ពុជាបានលើកឡើងពីសកម្មភាពកងកម្លាំងយោធាថៃ ដែលនៅតែបន្តឈរជើងនៅលើផ្នែកខ្លះនៃទឹកដីអធិបតេយ្យរបស់កម្ពុជា និងទាមទារឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងសន្តិភាព និងច្បាប់អន្តរជាតិ ក្នុងមហាសន្និបាតតំបន់អឺរ៉ុប លើកទី៣៨ នៃសភាប្រើភាសាបារាំង (APF) នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។
ថ្លែងក្នុងមហាសន្និបាតនេះ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃសភាប្រើភាសាបារាំង បានបញ្ជាក់ថា កិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលបានធ្វើឡើងជាបន្តបន្ទាប់នៅឆ្នាំ២០២៥ នៅមិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយទេ ខណៈកងទ័ពថៃនៅតែបន្តស្ថិតនៅលើទីតាំងមួយចំនួនក្នុងទឹកដីកម្ពុជា។
លោកបានបន្ថែមថា សកម្មភាពនេះបានរាំងស្ទះដល់ការងារកំណត់ព្រំដែន និងបង្កឧបសគ្គដល់ការវិលត្រឡប់ទៅលំនៅឋានវិញរបស់ប្រជាពលរដ្ឋកម្ពុជាជាង ២០.០០០នាក់ ដែលបានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ខ្លួន។
លោក អ៊ុច បូររិទ្ធ បានសង្កត់ធ្ងន់ថា កម្ពុជាមានសិទ្ធិអធិបតេយ្យក្នុងការលើកឡើងពីស្ថានភាពទាំងនេះប្រាប់សហគមន៍អន្តរជាតិ ព្រោះបញ្ហានេះពាក់ព័ន្ធនឹងសន្តិភាព ស្ថិរភាពក្នុងតំបន់ និងការគោរពច្បាប់អន្តរជាតិ។ ការបង្ហាញការពិតមិនមែនជាការបង្កភាពតានតឹងរវាងប្រទេសទាំងពីរនោះទេ ប៉ុន្តែជាការជំរុញឱ្យមានតម្លាភាព និងការអនុវត្តកិច្ចព្រមព្រៀងដោយស្មោះត្រង់។
ជាមួយគ្នានេះ កម្ពុជាបានទាមទារឱ្យភាគីថៃគោរពអនុសញ្ញា សន្ធិសញ្ញា ផែនទី និងសេចក្តីសម្រេចពាក់ព័ន្ធរបស់តុលាការយុត្តិធម៌អន្តរជាតិ ព្រមទាំងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានចុះហត្ថលេខា ដោយត្រូវដកកងកម្លាំងយោធាចេញពីតំបន់ដែលកម្ពុជាចាត់ទុកថា ជាការកាន់កាប់ដោយខុសច្បាប់ អនុញ្ញាតឱ្យប្រជាពលរដ្ឋភៀសខ្លួនវិលត្រឡប់ទៅលំនៅឋានវិញ និងចាប់ផ្តើមកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) ឡើងវិញជាបន្ទាន់។
ក្នុងឱកាសនេះ លោក អ៊ុច បូររិទ្ធ ក៏បានថ្លែងអំណរគុណដល់សភាប្រើភាសាបារាំង (APF) និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលបានបង្ហាញការគាំទ្រចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ព្រមទាំងបានអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តគាំទ្រដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ៕